សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ឈរ ណារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស


តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីព្រមទាំងលោកជំទាវ មានសេចក្តីរន្ធត់ក្តុកក្តួល តក់ស្លុត និងសង្វេគសោកស្តាយឥតឧបមាចំពោះ មរណភាពរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដែលទទួលមរណភាព កាលពីថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ ។

សម្ដេចក្រឡាហោមបានចាត់ទុកមរណភាពរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក ថាមិនត្រឹមតែជាការបាត់បង់ដោយក្តីអាឡោះអាល័យបំផុតនូវស្វាមី និងឪពុកជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវ ធនធានមនុស្សជាបញ្ញវន្តប្រកបដោយគុណវុឌ្ឍិ និងជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈកាលកន្លងមក ឯកឧត្តមតែងបានខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង ស្តារ និងអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងទូរគមនាគមន៍ ។

ជាថ្មីម្ដងទៀត ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សម្ដេចឧបនាយករដ្ឋមន្ត្រីនិងលោកជំទាវ បានចូលរួមរំលែកសេចក្ដីទុក្ខព្រួយជាមួយលោកជំទាវ និងក្រុមគ្រួសារសពនៅក្នុងវេលាដ៏ក្រៀមក្រំនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ត្រាំ អ៊ីវតឹក បានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕