សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនឯកឧត្តម មាកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ


នៅរសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម មាកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន និងបានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុនមកលើដំណើរការអភិវឌ្ឍនៅកម្ពុជាក្នុងពេលកន្លងមក ។
សម្ដេចបន្តថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានបង្កជាវិបត្តិសាកល ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុនក៏បានខិតខំដោះស្រាយបញ្ហានេះ ។ សម្ដេចបានថ្លែងអំណរគុណជប៉ុនដែលរៀបចំព្រឹត្តិការណ៍អូឡាំពិក ហើយបានចែករំលែកការលំបាក និងបញ្ហាប្រឈមនានាដែលរដ្ឋាភិបាលជប៉ុនខិតខំដោះស្រាយក្នុងវិបត្តិកូវីដ-១៩នេះ ។
ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មាកាមិ ម៉ាសាហ៊ីរ៉ូ បានឯកភាព និងគាំទ្រចំពោះការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ក៏ដូចជាបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩ ខណៈប្រទេសជប៉ុនកំពុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ។ ឯកឧត្តមបានវាយតម្លៃជារួមប្រកបដោយវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ។
ឯកឧត្តមក៏បានលើកឡើងពីការរួមចំណែករបស់រដ្ឋាភិបាលជប៉ុនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជួយគាំទ្រដល់ការលើកកម្ពស់សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈជំនួយផ្នែកសុខាភិបាល ដូចជាឧបករណ៍សម្ភារៈបំរើឱ្យវិស័យសុខាភិបាល និងកម្ចីហិរញ្ញប្បទានបំរើដល់កិច្ចដំណើរការនយោបាយសង្គមនានា ឆ្លើយតបនឹងបញ្ហាដែលបង្កឡើងដោយជំងឺកូវីដ-១៩ ។
ទន្ទឹមនេះ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពប្រកបដោយភាពល្អប្រសើរលើការងារបណ្ដុះបណ្ដាលសមត្ថភាពធនធានមនុស្ស ដោយបានជម្រាបសម្ដេចក្រឡាហោមទៀតថា ថ្វីដ្បិតតែមានបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ ក៏ប៉ុន្តែរដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់ការពង្រឹងសមត្ថភាព តាមរយៈការផ្ដល់អាហារូបករណ៍ និងវគ្គបណ្ដុះបណ្ដាលនានាដល់មន្រ្តីក្រសួងមហាផ្ទៃ ។
ជាមួយគ្នានេះ ឯកឧត្តមក៏មានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែទូលំទូលាយថែមទៀតដើម្បីធ្វើយ៉ាងណាបន្តបណ្ដុះបណ្ដាលធនធានមនុស្សល្អៗឱ្យក្លាយជាមន្រ្តី និងថ្នាក់ដឹកនាំវ័យក្មេងសម្រាប់ចូលរួមក្នុងដំណើរការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាដែលសម្ដេចក្រឡាហោមជាប្រធានទទួលដឹកនាំកិច្ចការនេះ ។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអំពីជំនួយនានាដែលរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ ក្នុងនោះរាប់ទាំងជំនួយផ្នែកសុខាភិបាល ការផ្ដល់កម្ចីសម្រាប់អនុវត្តគោលនយោបាយសង្គម និងការជួយគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសនៅក្នុងក្រសួងមហាផ្ទៃផ្ទាល់ ។
សម្ដេចក្រឡាហាមក៏បានជម្រាបជូនឯកឧត្តម ឯកអគ្គរាជទូត ដែលថាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំផែនការរយៈពេល១០ឆ្នាំបន្តទៀត ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខ្លួន ដែលដំណាក់កាលនេះ ជាដំណាក់កាលដ៏មានសារៈសំខាន់ ត្រូវផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសធនធានមនុស្ស ។
សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីរីករាយចំពោះគោលបំណងរបស់ជប៉ុន ក្នុងការបន្តជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងសូមសំណូមពរដល់រាជរដ្ឋាភិបាលជប៉ុនបន្តជួយគាំទ្រដល់ផ្នែកនេះទៀត ដើម្បីឱ្យស្របតាមតម្រូវការនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ក្នុងគោលដៅអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចំរើន ។
ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាពកន្លងមកនៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងបានលើកឡើងថា នៅក្នុងឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត កម្ពុជានឹងត្រូវប្រារព្ធធ្វើនៅព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ជាតិដូចជាការបោះឆ្នោតជាដើម ។
ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់ភាគីជប៉ុន សម្រាប់ការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍អន្តរជាតិធំៗទាំងនោះ មានដំណើរការទៅប្រកបដោយជោគជ័យ ។
តបទៅនឹងការលើកឡើងនេះ សម្ដេចក្រឡាហោមបានជម្រាបជូនថា ជាការពិតបណ្ដាព្រឹត្តិការណ៍ជាតិធំៗ ក៏ដូចជាព្រឹត្តិការណ៍អន្តរជាតិធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រារព្ធធ្វើជាបន្តបន្ទាប់នោះ កម្ពុជាបានត្រៀមថានឹងប្រព្រឹត្តទៅតាមកាលវិភាគ ឬកម្មវិធីដែលបានគ្រោងទុក ដោយមិនមានអ្វីប្រែប្រួលនោះឡើយ ។