សភាកម្ពុជាប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេស CLV


នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ដឹកនាំដោយលោកជំទាវ មាន សំអាន ជាប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និសីទលើកទី៨នៃគណៈកម្មការកិច្ចការបរទេសនៃអន្តរសភាកម្ពុជា-ឡាវ និងវៀតណាម (CLV) ក្រោមអធិបតីភាពឯកឧត្តម ឈាវ វុន ប្រធានគណៈកម្មការទី៥ រដ្ឋសភា តាមរយៈប្រព័ន្ធវីដេអូ នៅសាលសិក្ខាសាលាបណ្ណាល័យវិមានព្រឹទ្ធសភា។
កិច្ចប្រជុំនេះដំណើរការដោយមានរបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍ឯកឧត្តមប្រធានអង្គប្រជុំ។
២-ពិភាក្សាអំពីកាលបរិច្ឆេទ ទីកន្លែង ប្រធានបទ និងទម្រង់សន្និសីទលើកទី៨។
៣-បញ្ហាផ្សេងៗ។
៤-មតិបូកសរុបរបស់ឯកឧត្តមប្រធានអង្គប្រជុំ។
សូមជម្រាបថា សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទលើកទី៨នេះ ពីថ្ងៃទី២៤-២៥ ខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខនេះ។