គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពបាសិកា លឿង សែត ម្ដាយបង្កើតរបស់លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ


ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ដឹកនាំប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា លឿង សែត ម្ដាយបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមជម្រាបថា៖ ឧបាសិកា លឿង សែត បានទទួលមរណៈភាពនៅវេលាម៉ោង ០៦:៤៥នាទី ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨១ឆ្នាំ ដោយជរាពាធ នៅគេហដ្ឋានផ្ទាល់នៃសព ស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួល រំជួលចិត្តពោរពេញដោយមហាទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ តំណាងឲ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្បូងឃ្មុំ បានសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅជាទីបំផុត ដោយក្តីសោកសង្វេគជាអនេកប្បការ និងសោកស្តាយស្រណោះអាឡោះអាល័យឥតឧបមា ចំពោះការលាចាកលោករបស់ឧបាសិកា លឿង សែត ដែលនេះគឺជាការបាត់បង់ ម្ដាយ ជីដូន ពោរពេញដោយព្រហ្មវិហារធម៌ សង្គហធម៌ មហាករុណាទិគុណ សន្តោសប្រោសប្រណីដ៏វិសេសវិសាល និងជាពុទ្ធសាសនូបត្ថម្ភ បរិបូណ៌ដោយសីលធម៌ គុណធម៌ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តត្បូងឃ្មុំ សូមលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា លឿង សែត សូមបានទៅចាប់បដិសន្ធិក្នុងបរមសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕