លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧ – ២០១៨ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៥


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រី្តក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧ – ២០១៨ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាត មន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៥ នៅវត្តជម្ពូព្រឹក្សា ( វត្តថ្មី ) សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ។
តាមសង្ឃដីការសង្ខេបរនស់ ព្រះវិសុទ្ធញាណ មុំ សយ ព្រះមេគុណខេត្ត និងជាព្រះនាយកពុទ្ធិវិទ្យាល័យស្វាយរៀង បានលើកឡើងអំពីការរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា និងលទ្ធផលបូកសរុបរបស់អនុសំវច្ឆរ មហាសន្និបាទ មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៥។
ថ្លែងក្នុងឳកាសនោះលោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយជូនដល់ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តជម្ពូប្រឹក្សាទាំងអស់ដែលសម្ដេចតែងតែនឹករលឹកជានិច្ច មិនតែប៉ុណ្ណោះក្រោមការដឹកនាំដ៏ ត្រឹមត្រូវក្នុងការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋភិបាលកម្ពុជា បានដឹកនាំឲ្យប្រទេសមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងមានទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រផងដែរ។
លោកជំទាវបានបន្តថា វិស័យព្រះពុទ្ធសាសនា ព្រះសង្ឃក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិ លើផ្នែកហេដ្ឋារចនាសម្ព័នសង្គមជាច្រើន ដូចជាបានជួយកសាង ផ្លូវ ថ្នល់ សាលារៀន វត្តអារាម មន្ទីពេទ្យ និងបានចូលរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា ដោយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋផងដែរ។
បន្ទាប់មកលោកជំទាវក៏បានផ្តាំផ្ញើរដល់ព្រះសង្ឃក៏ដូចជាបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា និងពុទ្ធបរិស័ទ្ធ លោកគ្រូ អ្នកគ្រូទាំងអស់ សូមកំភ្លេចនាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី០៤ មិថុនា ឆ្នាំ២០១៧នេះកុំបីខានឡើយ ៕