អនុវត្តទៅតាមបទបញ្ជា និង ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង បទបញ្ជារបស់ក្រសួងការពារជាតិ ក្នុងការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅខេត្ត សៀមរាប ទីបញ្ជាការយោធភូមិភាគទី៤ និង រដ្ឋបាលខេត្តសៀមរាប បានរៀបចំផែន ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងជំហានទី ២ ដល់ប្រជាពលរដ្ឋ នៃសង្កាត់ទាំង ១២ ក្នុងក្រុងសៀមរាប ដែលមានប្រជាពលរដ្ឋត្រូវទទួលចាក់វ៉ាក់សាំងចំនួន ២១ម៉ឺននាក់ ដោយបានបែងចែកការចាក់វ៉ាក់សាំងមានចំនួន ៣៨ទីតាំង នៅតាមមណ្ឌលសុខភាព សាលារៀន និង ទីតាំងតាមវត្តអារ៉ាម ។ ចំពោះបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាស្រុកទាំង១១ ក្នុងខេត្តសៀមរាប និង ត្រូវបន្តចាក់នៅក្រោយពេលបញ្ចប់ចាក់វ៉ាក់ សាំងនៅក្រុងសៀមរាបគ្រប់ដុសហើយនោះ ។
ក្នុងកិច្ចបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវិដ១៩ ដែលបានដំណើរការចាប់ពីថ្ងៃទី១០ ខែកក្កដា ដែលមានរយៈពេល១៤ ថ្ងៃនៅក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់ ឧត្តមសេនីយ៍ទោ សុខ រីណា នាយសេនាធិការ និងជាមេបញ្ជាការរងយោធភូមិភាគទី ៤ និង ជាប្រធានការងារចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ-១៩ រួមទាំងអាជ្ញាធរខេត្ត ក្រុង សង្កាត់ ព្រមទាំងកងកម្លាំងសមត្ថកិច្ចនគរបាល មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង និងប្រជាការពារភូមិផងដែរ ។
ក្នុងសកម្មភាពដែលប្រជាពលរដ្ឋបានអញ្ជើញមកទទួលចាក់វ៉ាក់សាំងនេះ យើងបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ មានស្មារតីយកចិត្តទុកដាក់ចូលរួមក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជម្ងឺកូវិដ១៩ ដោយមានការពាក់ម៉ាស់បានត្រឹមត្រូវ មានដបអាល់កុលបាញ់ជាប់ខ្លួនជាប្រចាំ និង រក្សាបានពីគន្លាតសុវត្ថិភាពទៅតាមការណែ នាំរបស់គណៈកម្មការរៀបចំការចាក់វ៉ាក់ សាំង នៅតាមទីតាំងនីមួយៗ ។
ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ បានទទួលចាក់វ៉ាក់សាំងរួចរាល់ នឹងបានអង្គុយសម្រួលអារម្មណ៍ទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យនាឱកាសនោះ អ្នកមីង កែវ ចន្ថូ និង បងប្រុស ហៀរ ប៊ុនឡា ដែលជា ប្រជាពលរដ្ឋរស់នៅសង្កាត់គោកចក ក្រុងសៀមរាប បានធ្វើការថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិត ថ្លៃដើម្បីការពារសុខភាពប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ ។