​ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ​ និងសំភារៈប្រើប្រាស់មួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តចំនួន ៤ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ


ថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​ឯកឧត្តម ហ៊ុន ម៉ានី អមដំណើរដោយ ឯកឧត្តមអនុប្រធាន លេខាធិការ និង សមាជិក គណៈកម្មការ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទានជាគ្រឿងឧបភោគបរិភោគ​ និងសំភារៈប្រើប្រាស់មួយចំនួន ទៅប្រគេនព្រះសង្ឃដែលគង់ក្នុងវត្តចំនួន ៤ ក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ នៅក្នុងពុទ្ធសីមាវត្តហរិរក្សារាជនី ហៅវត្តវាំងចាស់ ស្ថិតក្នុងឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ទេយ្យទានដែលត្រូវប្រគេនព្រះសង្ឃ សម្រាប់មួយវត្តៗ នាឱកាសនោះរួមមាន៖ ទៀនព្រះវស្សា ១គូ អង្គរ ២០០ គក មីជាតិ ១ កេសធំ ប្រេងឆា ៥ លីត្រ ១ធុង ទៀន តែ ស្ករ ភេសជ្ជៈ គ្រឿងទេសច្រើនមុខផ្សេងទៀត រួមទាំងបច្ច័យកសាង និង ប្រគេនព្រះគ្រូចៅអធិការ និងព្រះសង្ឃមួយចំនួនផងដែរ។
ដោយសេចក្តីនឹករឭក និងក្នុងឱកាសនៃការជិតឈានចូលមកដល់នៃបុណ្យចូលព្រះវស្សា ឯកឧត្តមក៏ដូចជាក្រុមការងារបានឆ្លៀតពេលមកថ្វាយបង្គំ និងប្រគេនទេយ្យទានដល់ព្រះសង្ឃនៅតាមបណ្តាទីអារាមក្នុងខេត្ត។ ជាមួយគ្នាផងដែរ ក្រុមការងារទាំងអស់បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការការពារ ដើម្បីចៀសវាងការឆ្លងរាលដាលនូវជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍ ដោយត្រូវពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពគ្រប់ពេលវេលា។