ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ២លាន៤០ម៉ឺនរៀល ដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តតេជសុវណ្ណភូមិ ទីរួមខេត្តត្បូងឃ្មុំ


ត្បូងឃ្មុំ៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ឡាក់ អេងវន ស៊ាកឡេង និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនជូនព្រះសង្ឃនៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ៣ ខែដែលឈានចូលមកដល់នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់បងប្អូនប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ នេះតែម្តង។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និង ទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍រំលឹកថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ នៅលើសកលលោក ពុំទាន់មានការធូស្រាលនៅឡើយទេ ហើយក៏ពុំទាន់មានថ្នាំព្យាបាលឡើយ ដូចច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺដល់កាចសាហាវនេះ ដល់សហគមន៍យើង ដូចជាការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ និងការលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ៖ ទៀនចំណាំព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ ដែលឯកឧត្តម ស៊ាក ឡេង និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងគ្រួសារ នាំយកទៅចែកជូន ទៅប្រគេនវត្តតេជសុវណ្ណភូមិ រួមមាន ៖ ទៀនព្រះវស្សា០២គូរ, អង្ករ៦បេ, មី០៦កេស, បាកាស៣កេស ,ទឹកក្រូច៥កេស, ទឹកសុទ្ធ១០កេស ,ស្ករស៥គីឡូ , ទឹកស៊ីអ៊ីវ៥យួ , ត្រីខ១កេស,ទឹកដោះគោ២កេស ,ស្លាដកចំនួន៥ និងបច្ច័យ២លាន៤០ម៉ឺនរៀលផងដែរ៕