គ្រឿងញៀនជាង១៣៤គីឡូក្រាម ដែលប្រមូលបានពីការបង្ក្រាបបទល្មើសជាង៨០០សំណុំរឿង ក្នុងខេត្តចំនួន០៨ ត្រូវបានធ្វើពិធីដុតកម្ទេចចោល នៅខេត្តត្បូងឃ្មុំ


(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ និងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១ នៅរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ និងពិធីដុតកម្ទេចចោលនូវគ្រឿងញៀនទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៨ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ សរុបទម្ងន់១៣៤,១៣៩.៥៤គីឡូក្រាម និងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, និងឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង០៨ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធ។

សូមជម្រាបថា បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ គឺពួកឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញ ហើយគ្រឿងញៀននេះបានពង្វក់ស្មារតីអូសទាញ ដល់ជនស្លូត ត្រង់ភាគច្រើនជាយុវវ័យ ឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បណ្តាលឲ្យខូចសុខភាព និង ឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិផងដែរ ។

ចំណែកសមត្ថកិច្ចទាំងអស់ ទាំងមន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសា្ថប័ន តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ដោយមិនយោគយល់ ឬអត់ឱនដល់ជន ទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះជាដាច់ខាត ហើយបរិមាណគ្រឿងញៀន ដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលវេលាទេនោះ វានឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺន នាក់ជាក់ជាមិនខានឡើយ <<ត្រូវនិយាយថាទេចំពោះគ្រឿងញៀន, គ្រឿងញឿនបំផ្លាញអនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល>>៕