ប្រមុខការទូតកម្ពុជា នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ នៅថ្ងៃទី ០៦ ខែសីហា តាមប្រព័ន្ធវីដេអូ


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និង សហប្រតិ បត្តិ ការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹង ប្រព្រឹត្ត ទៅ នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០ ២ ១ តាម ប្រព័ន្ធ វីដេអូ។

ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តីការបរទេស នៃ ប្រទេស ជប៉ុន

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។

រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បី ជំរុញ ការ អភិវឌ្ឍ ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម ប្រទេស មេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់ មេគង្គ ដែល កាន់ តែ រស់រវើក ដោយ គិតគូរ ពិចារណា ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើត មាន ឡើង។ រដ្ឋមន្រ្តី ទាំងអស់ក៏ នឹង ផ្លាស់ ប្តូរ ទស្សនៈគ្នាផងដែរ លើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជា ចំណាប់ អារម្មណ៍ និងការ បារម្ភរួមគ្នា៕