“ផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ” គឺជាប្រធានបទនៃទិវាបិរស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ដែលបានប្រារព្ធធ្វើនៅខេត្តកែប នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីគណៈអភិបាលខេត្តកែប មន្ទីរ អង្គភាពជុំវិញខេត្ត រួមនឹងមន្ត្រីរាជការ សិស្សានុសិស្សប្រមាណជាង ៥០០នាក់។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តដែលតែងតែចូលរួមនៅក្នុងបុព្វហេតុបរិស្ថាន គ្រាដែលឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរទៅដល់គ្រឹះស្ថានសិក្សានៅក្នុងខេត្តទាំងអស់ សូមយកនូវឱកាសនៃការប្រារព្ធទិវានេះ រៀបចំដោយខ្លួនឯងតាមសាលានីមួយៗ ដោយត្រូវលើកយកនូវសារៈសំខាន់នៃធនធានធម្មជាតិនៅក្នុងខេត្តរបស់ខ្លួនមកបង្ហាញដល់សិស្សានុសិស្ស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការចូលរួមរបស់អជ្ញាធរខេត្តនៅក្នុងបុព្វហេតុបរិស្ថាន និងការរៀបចំក្រុងអោយមាននិរន្តរភាពបរិស្ថានទីក្រុង គឺជាការលើកមុខមាត់ក្រុងអោយក្លាយទៅជាទីក្រុងទេសចរណ៍ និងដើម្បីរក្សាបាននូវមុខងារសេដ្ឋកិច្ច បង្កើតបាននូវឱកាសការងារដល់យុវជនកម្ពុជា ដែលនេះគឺជាជញ្ជាំងដ៏រឹងមាំក្នុងការរក្សាបាននូវសុខសន្តិភាពរបស់មាតុភូមិ។
ទន្ទឹមនឹងនោះ គណៈអធិបតី រួមមហាជនទូទៅ ក៏បានអញ្ជើញដាំកូនឈើជាងមួយម៉ឺនដើមនៅក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស និងប្រគល់ជូនពលរដ្ឋយកទៅដាំតាមលំនៅដ្ឋានផងដែរ៕
ប្រសាសន៍កោតសរសើររបស់ ឯកឧត្តម សាយ សំអាល់ ចំពោះអាជ្ញាធរខេត្តដែលតែងតែចូលរួមនៅក្នុងបុព្វហេតុបរិស្ថាន
