សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ផ្ទះថ្មីដល់គ្រួសារអតីតយុទ្ធជនដែលមានជម្រកស្នាក់នៅមិនសមរម្យនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


(កំពង់ធំ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីបានទៅប្រគល់ផ្ទះខ្នងទី១៩៦ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តមឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាលោកនាយចំណង់ នេន វេន អាយុ៤៥ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៩៤ នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ហើយបានចូលសោធននិវត្តន៍តាមការកំណត់នៅក្នុងឆ្នាំ២០១៩។ លោក នេន វេន មានភរិយាឈ្មោះ ឡឹម មាន អាយុ៤៧ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ៥នាក់ គ្មានលទ្ធភាព សាងសង់ផ្ទះស្នាក់នៅសមរម្យរស់នៅដោយខ្លួនឯងបាន ដោយមានជីវភាពលំបាកខ្វះខាតទើបក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចពីអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសង់ផ្ទះថ្មីខ្នងទី១៩៦នេះ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនគាត់ដែលមានទំហំ ៦ ម៉ែត្រ គុណ ៤ ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ជូនគាត់នៅពេលនេះ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជនបានរួមចំណែកយ៉ាងធំធេង ជាមួយសម្ដេចតេជោក្នុងការអនុវត្តនូវនយោបាយ ឈ្នះ-ឈ្នះ ដើម្បីធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់ក្រុមគ្រួសារអតីតយុទ្ឋជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីត១៩ ដែលបច្ចុប្បន្ននេះកំពុងឆ្លងចូលសហគមន៍នៅក្នុងខេត្តកំពង់ធំ យើងដែលមានចំនួនកើនឡើងគួរឲ្យព្រួយបារម្ភពិសេសមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា។

ដូច្នេះត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានគ្រប់ពេលវេលាក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន ៥០ គីឡូក្រាម មីចំនួន ២ កេស ទឹកត្រីចំនួន ១ យួរ ទឹកសុទ្ធចំនួន ២ យួរ និងថវិកាមួយចំនួនផងដែរ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជនបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនិងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំផងដែរ៕