អភិបាលខេត្តកណ្ដាល ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២


កណ្ដាល នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១  ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផល ការងារឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២  ឆ្នាំ២០២១ ឆ្នាំ២០២១ របស់ គណៈ កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ និងបើក យុទ្ធនាការអប់រំសង្គម  SEA Games-ASEAN Para Games 2023 តាមប្រព័ន្ធវីដេអូ (Zoom meeting) ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅ បន្តឆមាសទី២  ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកីឡាករ តាមរយៈ កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា យើងបានត្រៀមបញ្ជូន កីឡាករជម្រើសជាតិទៅហ្វឹកហាត់នៅប្រទេសចិនចំនួន១២ប្រភេទរួមមាន៖ កីឡាចំបាប់ កាយសម្ព័ន្ធ ហែលទឹក អត្តពលកម្ម វាយសី វូស៊ូ បាល់បោះ បាល់ទះ បាញ់កាំភ្លើង បាល់ទាត់នារី និងលើកទម្ងន់។

ដោយឡែក ចំពោះប្រភេទកីឡាផ្សេងៗទៀត គណៈកម្មាធិការជាតិក៏បានបញ្ជូន ចេញទៅហ្វឹកហាត់ និងត្រៀមចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដូចជា៖ កីឡាការ៉ាតេ ទៅហ្វឹកហាត់នៅអ៊ីរ៉ង់ និងជប៉ុន។ កីឡាប្រណាំងកង និងកីឡាប្រដាល់សកល ទៅហ្វឹកហាត់ នៅបារាំង។ កីឡាគុនដាវ ត្រៀមទៅរុស្ស៊ី ឬបារាំង។ កីឡាទ្រីយ៉ាត្លុង និងក្រុមកីឡាបាល់ គប់ក្នុងទឹក ទៅហ្វឹកហាត់នៅសិង្ហបុរី។

ចំពោះកីឡាករ កីឡាការិនីកូនខ្មែរនៅក្រៅប្រទេស ក៏បាន និងកំពុងខិតខំប្រឹងប្រែង ហ្វឹកហាត់ និងចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីបង្កើនគុណផលកីឡាកម្រិតខ្ពស់រួមមាន ជីជិតស៊ូ ហែលទឹក ប្រណាំងកង់ បាល់បោះ គុនដាវ នៅអាម៉េរិក ហុកគឺ នៅឥណ្ឌា ម៉ូតូទឹក នៅថៃ ប្រដាល់សកល នៅវៀតណាម។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ សំដៅលើកកម្ពស់ការ បណ្តុះបណ្តាលធនធានមនុស្ស ក្រុមជម្រើសជាតិ ដើម្បីបង្កើនគុណ ផលកីឡាដណ្តើមមេដាយ និងវិនិច្ឆ័យការ ប្រកួតតាមស្មារតី និងខ្លឹមសារកំណត់ក្នុងផែនការ មេឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដោយ សហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាជាតិ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុង បរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ដែរថា  គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានជ្រើសរើសជម្រើស ជាតិជនពិការចំនួន៧៧នាក់ ដើម្បីធ្វើការហ្វឹកហាត់លើប្រភេទកីឡាបាញ់ធ្នូ អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់បោះជនពិការ លើកទម្ងន់ វាយកូនឃ្លីលើតុ បូស្យា និងបានចុះឈ្មោះគ្រូបង្វឹកជម្រើសជាតិចំនួន០៥នាក់ ទទួលការបណ្តុះបណ្តាលខ្នាត អន្តរជាតិ តាមប្រព័ន្ធអនឡាញលើប្រភេទកីឡាបាល់បោះជិះរទេះ អត្តពលកម្ម និងបាល់ទះ អង្គុយផងដែរ៕