ដោយការជឿជាក់លើការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនិងជម្ងឺកូវីដ-១៩ ក្នុងការប្រយុទ្ធនឹងជំងឺឆ្លងកូវីដ-១៩ ក្នងព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់ បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និងថវិកាផ្ទាល់ខ្លួន ជូនដល់ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទទួលការឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ពីសាលាគណខេត្ត និងសប្បុរសជន ក្នុងនោះរួមមាន៖
-ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២.០០០.០០០រៀល និងទឹកបរិសុទ្ធចំនួន ៥០០យួរ ។
-ក្រុមហ៊ុន ជេធី អុីនធើណេសិនណល (ខេមបូឌា)ឯ.ក ឧបត្ថម្ភម៉ាសុីនបាញ់ផ្សែងសម្លាប់មេរោគចំនួន ១០គ្រឿង -ម៉ាសុីនបាញ់ថ្នាំសម្លាប់មេរោគចំនួន១០គ្រឿង-អាកុលចំនួន ១០កាន និងទឹកថ្នាំងសម្លាប់មេរោគមួយចំនួន ប្រគល់ជូនឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ដមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះនាគមុនីមេគណខេត្ត និងសហការី ព្រមទាំងលោកនាយកក្រុមហ៊ុន អុីនធើណេសិនណល (ខេមបូឌា)ឯ.ក ដែលបានចូលរួមជួយឧបត្ថម្ភនូវទឹកបរិសុទ្ធ និងបច្ច័យជាបន្តបន្ទាប់ជូនដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កំណាច កូវីដ-១៩ ជាពិសេសមេរោគបម្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) ដែលកំពុងគម្រាមកំហែងដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា និងពិភពលោកទាំងមូល៕











