រដ្ឋបាលខេត្តកំពង់ចាម ទទួលបានជំនួយជាបន្តបន្ទាប់ពីសប្បុរសជន ក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញទទួលអំណោយពីសប្បុរសជន ជាបន្តបន្ទាប់ ក្នុងគោលបំណងដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សៀម សាវ៉ាន និងលោកស្រី ជួង ម៉ារុន និងសប្បុរសជននានា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។
ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនោះ រួមមានៈ អាល់កុល ១៥កាន -ម៉ាស ១៥កេសធំ -ត្រីខ១,០០០កំប៉ុង -ទឹកបរិសុទ្ធ ១៥០កេស -មីជាតិ ១០០ កេសតូច និងថវិកា ចំនួន ១០,០០០,០០០(ដប់លានរៀល)៕