រដ្ឋបាលខេត្តកំពង់ចាម ជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋ កុមារ និងយុវវ័យមានអាយុពី១២ឆ្នាំឡើងទៅ និងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដោយសារមូលហេតុផ្សេងៗ


(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ពលរដ្ឋ កុមារ និងយុវវ័យមានអាយុពី១២ឆ្នាំឡើងទៅ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្ត និងអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ដោយសារមូលហេតុផ្សេងៗ ដោយមកចាក់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំបង្កើតទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋខ្មែរ ជនបរទេសដែលកំពុងស្នាក់នៅលើទឹកដីខេត្តកំពង់ចាម ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកុំវីដ១៩ និងមាតាបិតា អាណាព្យាបាលដែលមានកូនអាយុចាប់ពី១២ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ ក្នុងខេត្តនៅរៀងរាល់ម៉ោងធ្វើការ។

*ពេលព្រឹកចាប់ម៉ោង ០៨៖០០នាទី ដល់ម៉ោង ១១៖០០នាទី
*ពេលរសៀល ចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទី។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម សូមណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តចុះផ្សព្វផ្សាយចលនាលើកទឹកចិត្ត និងកៀរគរប្រជាពលរដ្ឋនៅតាមភូមិ ឃុំ-សង្កាត់ របស់ខ្លួនដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ ដោយសារមូលហេតុផ្សេងៗ (ដូចជាពលករ ប្រជាពលរដ្ឋ ឬនិស្សិតដែលបានវិលត្រឡប់មកពីបរទេសហើយទើបបញ្ចប់ការធ្វើចត្តាឡីស័ក និងស្ត្រីទើបសម្រាលកូនរួចជាដើម) ឱ្យមកចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្ត ចាប់ពីថ្ងៃទី២៦ ខែសីហា
ឆ្នាំ២០២១នេះតទៅ។

ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋមានពិការភាព និងចាស់ជរាដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ ដែលពួកគាត់មិនអាចធ្វើដំណើរមកទទួលចាក់វ៉ាក់សាំងបាន ដោយត្រូវសហការជាមួយក្រុមគ្រូពេទ្យចល័តចុះចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យដល់លំនៅដ្ឋានពួកគាត់។

រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការចូលរួមដោយស្ម័គ្រចិត្តក្នុងការចាក់វ៉ាក់សាំងកុំវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

បញ្ជាក់៖ សូមភ្ជាប់មកជាមួយ អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ, លិខិតឆ្លងដែន, ឆាយា/សង្ឃដីការ, សំបុត្រកំណើត, សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕