រដ្ឋបាលរាជធានីភ្នំពេញ ចុះស្ដារប្រឡាយមេជាង២គីឡូម៉ែត្រ ក្នុងខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿន


(ភ្នំពេញ)៖ ដោយពីមានការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចុះស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេមួយកន្លែងប្រវែងជាង២គីឡូម៉ែត្រ នៅភាគខាងជើងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង បានបន្តចុះស្ដារ ប្រឡាយមេ នៅអមផ្លូវ៣០ម៉ែត្រ ដែលមានប្រវែង២២៧៩ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរ ដល់មុខក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ។

លោក ម៉ៅ ប៊ុនធឿន បានឱ្យដឹងទៀតថា មន្ទីរធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ ដើម្បីស្ដារប្រឡាយនេះ ឲ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ហើយការងារនេះបានអនុវត្តតាំងពីចុងខែសីហា ឆ្នាំ២០២១ ដោយបានស្ដារ កាយសំរាម មែកឈើ ភក់ចេញពីបាតប្រឡាយ។

លោកបានបញ្ជាក់ទៀតថា ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពីខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌប្ញស្សីកែវ ក្នុងនោះក្រុមការងារ ក៏បានស្តារប្រឡាយមេមួយនេះជាប្រចាំ បើទោះបីមានការលំបាកមួយចំនួន ជុំវិញមេឈើច្រើនយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរ ឲ្យបានលឿន ទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើនេះ៕