កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់បណ្តាប្រទេសហត្ថលេខី លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន


(ភ្នំពេញ)៖ កម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ នៃបណ្តាប្រទេសហត្ថលេខីលើអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ១៩៩៣ ស្តីពី «កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន» នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រធានប្រតិភូថ្នាក់មន្រ្តីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការអញ្ជើញចូលរួមពីសំំណាក់បណ្តាប្រទេសហត្ថលេខីទាំង៦ នៃមហាអនុតំបន់ទន្លេមេគង្គរួមមាន៖ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម រួមនឹងឯកឧត្តម Jeremy Douglas តំណាងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលជាដៃគូដ៏មានសារៈសំខាន់ រួមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់និងពិភពលោក បានធ្វើឱ្យកិច្ចប្រជុំអូសបន្លាយពីឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះ។ ទោះយើងទាំងអស់គ្នាកំពុង ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក៏ពិតមែន តែយើងទាំងអស់គ្នាបាន ប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពអនុតំបន់ទី១១ ដែលរៀបចំឡើងដោយអង្គការ UNODC ហើយបានអនុម័តដោយកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ និងរដ្ឋមន្រ្តីកាលពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទៅក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។

ការអនុវត្តផែនការសកម្មភាពអនុតំបន់ទី១១នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យគ្រឿងញៀន ទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ក្នុងបរិបទនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន៕