ឯកឧត្តម ហ៊ុន ម៉ានី៖ សុខទុក្ខប្រជាពលរដ្ឋ នៅតែជាអទិភាពសម្រាប់បក្សប្រជាជន ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានថ្លែងថា សុខទុក្ខប្រជាពលរដ្ឋ នៅតែជាអទិភាពសម្រាប់គណបក្សប្រជាជន ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ១៩។

តាមរយៈបណ្តាញសង្គម Facebook ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងចេញពីវិមានរដ្ឋសភាថា៖ «ខ្ញុំសូមផ្តាំផ្ញើសួរសុខទុក្ខដល់ពុកម៉ែ មាមីង បងប្អូនទាំងអស់ ហើយសង្ឃឹមថា ពុកម៉ែ មាមីង បងប្អូនមាននូវសេចក្តីសុខទាំងអស់គ្នា។ យើងទាំងអស់គ្នាដឹងហើយថា ជំងឺកូវីដ១៩ បានធ្វើឲ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់សុខភាពសាធារណៈ និយាយដោយឡែក និងលើសេដ្ឋកិច្ចជាតិ និយាយជារួម។ បើទោះទម្លាប់ជួបជុំសួរសុខទុក្ខគ្នា ជាពិសេសការជួបជុំជាមួយបងប្អូន ពុកម៉ែ នៅភូមិ ឃុំនាពេលនាពេលកន្លងមក មិនអាចធ្វើទៅបានដោយផ្ទាល់ក្តី សុខទុក្ខរបស់ពុក ម៉ែ បងប្អូន នៅតែជាអាទិភាពសម្រាប់សមាជិក សមាជិកា គណបក្សយើង មិនថានៅពេលដែលពុកម៉ែ មាមីង បងប្អូន រងគ្រោះដោយខ្យល់កន្រ្តាក់ ទឹកជំនន់ ឬក្នុងដំណាក់កាលនៃជំងឺកូវីដ ១៩ នេះ»។

ជាមួយគ្នានេះ ឯកឧត្តម តំណាងរាស្រ្តវ័យក្មេងរបស់កម្ពុជាបានបញ្ជាក់ថា៖ ជាក់ស្តែងនៅក្នុងដំណាក់កាលបិទខ្ទប់ កម្លាំងរួមរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈមេឃុំ ចៅសង្កាត់ ក៏ដូចជាមន្រ្តីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ បានប្រើអស់លទ្ធភាពដើម្បីជួយសម្រាលដល់សុខទុក្ខរបស់ប្រជាពលរដ្ឋយើង ដោយការបន្តនៅជាប់ជាមួយប្រជាជនមិនអាក់ខាន។

ការអនុវត្តនេះ ជាការឆ្លើយតបទៅនឹងអ្វីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សតែងបានលើកឡើងថា «មិនឲ្យប្រជាជនម្នាក់ណាមួយ ស្លាប់ដោយអត់បាយ ដែលយើងមិនដឹង និងដោះស្រាយ»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម ហ៊ុន ម៉ានី៕