ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតីពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី១ ឆ្នាំ២០២១


រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ជូនកុមារកំព្រា ចំនួន ៤៦នាក់ ដែលអញ្ជើញមកពី ០៩ រាជធានី ខេត្ត។ ពិធីបានប្រព្រឹត្តទៅក្រោមងធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសមាគម រួមមាន ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សេន ស៊ីហ៊ត់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងសហការី។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន លើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមបានផ្តាំផ្ញើដល់អ្នកអាណាព្យាបាល និងក្មួយៗកុមារត្រូវចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្មួយៗដែលមានអាយុ១២ ដល់១៧ឆ្នាំ ត្រូវទទួលយកការចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំ និងត្រៀមលក្ខណៈចូលរៀនឡើងវិញ តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម សុះ ហ្វាស៊ី អគ្គលេខាធិការសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានគូសបញ្ជាក់ថា គម្រោងឧបត្ថម្ភកុមារកំព្រានេះ គឺបានការឧបត្ថម្ភគាំទ្រពីអង្គការ hasene នៅប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដែលបានអនុវត្តតាំងពីឆ្នាំ២០១៣ មកដល់សព្វថ្ងៃ។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ នេះ សរុបកុមារ ៤៦នាក់ ទទួលបានថវិកា ៤៦៤៦ដុល្លាអាម៉េរិក សម្រាប់ដោះស្រាយជីវភាព និងផ្គត់ផ្គង់ការសិក្សារបស់កុមារ ដែលកំព្រា ខ្វះខាតនៅតាមសហគមន៍ឥស្លាម ហើយក្នុងរយៈពេល០៩ឆ្នាំនៃការអនុវត្តគម្រោងនេះ គឺបានផ្តល់ប្រាក់ឧបត្ថម្ភជាង ២២០.០០០ដុល្លារ (ម្ភៃពីរម៉ឺន) ។ តាមកិច្ចព្រមព្រៀងនៃគម្រោង នាត្រីមាសខាងមុខ នឹងបង្កើនកុមារកំព្រាឱ្យបានប្រមាណ ១០០នាក់ ដើម្បីចូលរួមជួយដល់កុមារកំព្រាដែលកំពុងត្រូវការជំនួយចាំបាច់។