លោកជំទាវ ម៉ែន សំអន ផ្ដល់អំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សា ៣៩នាក់ មកពី៤ឃុំ ក្នុងស្រុកស្វាយជ្រំ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន ចែកជូនដល់ប្រជាពលរដ្ឋដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងប្រជាពល រដ្ឋជួបការលំបាកកំពុងធ្វើចត្តាឡីស័ក ចំនួន ១១០គ្រួសារ និងសមាជិកក្រុមប្រឹក្សាឃុំ ៣៩រូប ក្នុងឃុំដូនស ឃុំស្វាយយា ឃុំអង្គតាសូ និងឃុំស្វាយអង្គ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១ ។

ក្នុងពិធីនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានាហើយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។

លោកជំទាវ ក៏បានក្រើនរម្លឹក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឱ្យបានខ្ពស់ បន្ថែមទៀត ដោយចូលរួមអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានគ្រប់ៗគ្នា និងប្រកាន់យកនូវការអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន កុំធ្វេសប្រហែស ហើយត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា « ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» ដើម្បីទប់ទល់នឹងមេរោគប្រភេទដែលតា ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ១១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន  ត្រីខ១យួរ, អំបិល១គីឡូក្រាម, ប៊ីចេងកន្លះគីឡូក្រាម, អាល់កុល១ដប, ទឹកត្រី២ដប, ស្ករស១គីឡូក្រាម, ម៉ាស១ប្រអប់, អង្ករ២៥គីឡូក្រាម, មី១កេសតូច, អាវកូនក្មេង១, និងថវិកា ៥ម៉ឺនរៀល ។

 ចំណែកអំណោយសម្រាប់៤ឃុំ ដោយក្នុងមួយឃុំៗទទួលបាន អង្ករ២០០គីឡូក្រាម, មី១០កេសតូច, ត្រីខ១០០កំប៉ុង, អាល់កុល១កាន, ម៉ាស១០ប្រអប់, ទឹកត្រី៣០ដប, ទីកស៊ីអ៊ីវ៣០ដប, និងសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងជំនួយការឃុំ ចំនួន ៣៩នាក់ ដោយម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀល៕