លោក វ៉ាង យី៖ ចិននឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានប្រវែង២០គីឡូម៉ែត្រពិបាកសាងសង់


លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងបញ្ជាក់ថា ប្រទេសចិននឹងបញ្ជូនអ្នកបច្ចេកទេសជំនាញ មកសិក្សា ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានការខូចខាតខ្លាំងប្រវែង២០គីឡូម៉ែត្រ ដែលជាតំបន់ដីស្អុយពិបាកក្នុងការសាងសង់ឱ្យជាប់បានយូរអង្វែង។

លោក វ៉ាង យី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះនៅក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹក (Working Breakfast) ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន។

ជំនួបនេះក៏មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលបានជួបទទួលទានអាហារការងារពេលព្រឹកជាមួយប្រមុខការទូតចិននេះ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធាណការ និងដឹកជញ្ជូន, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

សូមជម្រាបដែរថា ទាក់ទងនឹងផ្លូវជាតិលេខ៣ កំពត-វាលរេញនេះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ការខូចខាតប្រវែង២០គីឡូម៉ែត្រនេះ មានកំណាត់ផ្លូវប្រវែង ១៥គីឡូម៉ែត្រ ខូចដោយសារតែស្ថានភាពកសាងគ្រឹះ មិនបានរឹងមាំ ខណៈប្រវែង ៥គីឡូម៉ែត្រភ្ជាប់ទៅផ្លូវបំបែកវាលរេញ ស្ថានភាពដីខាងក្រោម ស្អុយជម្រៅដល់ទៅ ១៨ម៉ែត្រ ដែលជាដើមចមចម្បងមួយនាំឱ្យផ្លូវសាងសង់ហើយតែងតែខូចទៅវិញ។

បើតាមឯកឧត្តមទេសរដ្ឋមន្ត្រី ដើម្បីឱ្យកំណាត់ផ្លូវប្រវែង ២០គីឡូម៉ែត្រនេះ ជាប់មាំល្អ លែងខូច ក្នុងនោះប្រវែង ១៥គីឡូម៉ែត្រត្រូវកាយដីចាក់គ្រឹះឡើងវិញ ហើយចាក់បេតុង កម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវទៅ ១២ម៉ែត្រ។ ដោយឡែកប្រវែងផ្លូវប្រមាណ ៥គីឡូម៉ែត្រ ទៅផ្លូវបំបែកវាលរេញ ត្រូវចាក់សសរគ្រឹះចូលទៅក្នុងដី រួចទើបចាក់ បេតុង ពីលើកម្រាស់ ២.៦តឹក និងពង្រីកទទឹងផ្លូវដល់ទៅ ១៦ម៉ែត្រ ហើយត្រូវការ ថវិកាក្នុងរង្វង់ជាង ៦០លានដុល្លារអាមេរិកយកមកសាងសង់ នឹងធ្វើឱ្យកំណាត់ផ្លូវនេះជាប់ ហើយលែងខូច។

នៅក្នុងជំនួបសន្ទនានេះដែរលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បានជំរុញឱ្យមានការសាងសង់ផ្លូវជាតិលេខ ៧១C ឱ្យបានឆាប់រួចរាល់ផងដែរ ដោយផ្លូវនេះ ទទួលបានថវិកាសាងសង់ដែលជាប្រាក់កម្ចីរបស់ចិន។

សូមជម្រាបដែរថា គម្រោងសាងសង់ផ្លូវ៧១Cនេះ តភ្ជាប់ពីខេត្តត្បូងឃ្មុំ ទៅខេត្តកំពង់ចាម ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ស្រុកស្ទឹងត្រង់ និងស្រុកក្រូចឆ្មារ មានប្រវែង ជាង ១១៤គីឡូម៉ែត្រ គម្រោងនេះបានសិក្សាដោយក្រុមហ៊ុន សៀងហៃ គ្រុប។ ផ្លូវនេះត្រូវស្ថាបនាមានធ្វើ ១២ម៉ែត្រ ១១ម៉ែត្រ ឬ១០ម៉ែត្រ គ្រោងចំណាយពេល សាងសង់៣៦ខែ និងត្រូវប្រើប្រាស់ថវិកាសាងសង់ប្រមាណជាង១០០លានដុល្លារ៕