អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ប្រចាំខែសីហា


នៅរថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព ប្រចាំខែសីហា ដោយក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី៥ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងបាត់ដំបង ស្នងការនគរបាល ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង-ស្រុកទាំង១៤ មន្ទីរជំនាញនានាជុំវិញខេត្ត តាមរយៈប្រព័ន្ធបញ្ជូនរូប និងសំឡេង (Zoom) ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ឱ្យមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក បន្តរឹតបន្តឹងទប់ស្កាត់ការពារជំងឺឆ្លងកូវីដ-១៩ បន្តទៀត ដើម្បីកុំឱ្យរីករាលដាលនៅតាមសហគមន៍ ពិសេសរឹតបន្តឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធពលករខ្មែរយើងដែលបាន សម្រុកចូលមកកម្ពុជាវិញ មកលេងផ្ទះត្រូវចាប់បញ្ជូនពលករខ្មែរ ឬគាត់ចូលមកដោយខ្លួនឯងក្តី មកវិញចូលតាមច្រករបៀងនានា ឬច្រក អន្តរជាតិក្តី ត្រូវត្រួតពិនិត្យមើលសុខភាពរបស់ពួកគាត់ កន្លងមកមន្រ្តីជំនាញនានា នៃរដ្ឋបាលខេត្តខិតខំធ្វើបានល្អ ។

ឯកឧត្តម បានមានប្រសាសន៍ពាក់ព័ន្ធនឹងការត្រៀមបើកសាលារៀនជាថ្មី ក្នុងការបើកឱ្យដំណើរការសាលាឡើងវិញឆ្នាំ២០២១នេះ គឺ ជំហានទី១-ឱ្យសិស្សចូលរៀនវិញក្នុងជំហានដំបូង គឺបើកឱ្យសិស្សតែថ្នាក់ទី៩ និងទី១២ ថ្នាក់វិទ្យាល័យ។ ម្យ៉ាងទៀតជាថ្នាក់កម្រិតដែល ត្រូវប្រឡងផង ដោយយកតែតំបន់មានហានិភ័យទាប ដែលមានការកិច្ចសហការត្រួតពិនិត្យមុនជាមួយមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាល ខេត្ត ហើយសិស្សទាំងនោះត្រូវបានចាក់វ៉ាក់សាំងរួចហើយផងដែរ និងគោរពតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល«៣កុំ និង៣ការពារ»។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមបានលើកឡើង ៤ចំណុច គឺ ទី១-ផ្សព្វផ្សាយផែនការ ត្រៀមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នត ឆ្នាំ២០២១ ដោយលោក យឹម សៀប អភិបាលរងខេត្ត។ ទី២-ដំណើរការនៃការបើកសាលារៀនឡើងវិញ ដោយលោកប្រធានមន្ទីរអប់រំ យុវ ជន និងកីឡាខេត្ត។ ទី៣- រាយការណ៍អំពីដំណើរការចាក់វ៉ាក់សាំង នៅតាមបណ្តាក្រុង ស្រុក ដោយអភិបាលក្រុង ស្រុកទាំង១៤ ក្នុង ខេត្ត។ ទី៤- មតិចូលរួមសមាជិកសមាជិកា នៃអង្គប្រជុំពីបញ្ហាប្រឈមនានាមួយចំនួន ជូនឯកឧត្តមអភិបាលខេត្ត ដើម្បីជួយដោះស្រាយ៕