អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមើលការរៀបចំបំពាក់សម្ភារៈ និងបរិក្ខារផ្សេងៗ នៅក្នុងមន្ទីរពេទ្យព្យាបាលជំងឺកីវីដ-១៩ កម្រិតស្រាលថ្មីមួយទៀត របស់រដ្ឋបាលខេត្ត


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារខេត្ត -អាជ្ញាធរមូលដ្ឋាន រួមនិងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការរៀបចំកន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលថ្មីមួយទៀត របស់រដ្ឋបាលខេត្ត ជំនួសឲ្យវិទ្យល័យ ព្រះសីហនុ ដែលអាជ្ញាធរខេត្តគ្រោងដាក់ឲ្យដំណើរការបង្រៀន និងសិក្សារៀនសូត្រឡើងវិញ នាពេលឆាប់ៗខាងមុខ។

គូសបញ្ជាក់ថា កន្លែងសម្រាក ព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលថ្មីខាងលើនេះ មានទីតាំងស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន ហ្គ្រីនត្រេដ ដែលមានអាគារធំៗ ចំនួន៣ខ្នង ទុកនៅទំនេរ គ្រប់គ្តងដោយមន្ទីរពាណិជ្ជខេត្ត ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ដែលមានចំង៉ាយប្រមាណ៧ គីឡូម៉ែត្រពីក្រុង កំពង់ចាម ។