រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ មានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅថ្ងៃទី១៨ ខែកញ្ញា


(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ នៅក្នុងទីតាំងភូមិសាស្ដ្រខេត្ដ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះតទៅ ដើម្បីបង្កើតភាពស៊ាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបន្ដថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ដែលមានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ តាមទីកន្លែង និងពេលវេលាដូចខាងក្រោម៖

*ទី១៖ ក្រុងសិរីសោភ័ណ (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១)។
*ទី២៖ ក្រុងប៉ោយប៉ែត (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១)។
*ទី៣៖ ស្រុកអូរជ្រៅ (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១)។
*ទី៤៖ ស្រុកមង្គលបូរី (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១)។
*ទី៥៖ ស្រុកម៉ាឡៃ (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១)។
*ទី៦៖ ស្រុកស្វាយចេក (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១)។
*ទី៧៖ ស្រុកថ្មពួក (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១)។
*ទី៨៖ ស្រុកភ្នំស្រុក (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១)។
*និងទី៩៖ ស្រុកព្រះនេត្រព្រះ (ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១)។

រដ្ឋបាលខេត្ដបានបញ្ជាក់ដែរថា សម្រាប់ទីកន្លែងដែលត្រូវមកទទួលការចាក់វ៉ាក់សាំង រួមមាន៖ មណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំ/សង្កាត់ របស់ ក្រុង/ស្រុក ទូទាំងខេត្តរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី ពេលរសៀលចាប់ពីម៉ោង ១៣៖០០នាទី ដល់ម៉ោង ១៦៖០០នាទី។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ជូនឪពុក ម្តាយ ឬអាណាព្យាបាល ត្រូវភ្ជាប់មកនូវឯកសារសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួមមាន ៖

*១៖ សំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ ផ្សេងៗពីអាជ្ញាធរមូលដ្ឋាន

*២៖ ត្រូវមានមាតា បិតា ឬអាណាព្យាបាល នាំកុមារមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត និងមិនមានបង់ថវិកាឡើយ។

រដ្ឋបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល «៣កុំ និង៣ការពារ» ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ៖