កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាផ្លូវការ នៅខែក្រោយនេះ, ទំនិញកម្ពុជាជាង១ម៉ឺនមុខ អាចនាំចេញដោយរួចពន្ធ ពេលកិច្ចព្រមព្រៀងចូលជាធរមាន


រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី (FTA) នៅខែតុលា ឆ្នាំ២០២១នេះ ខណៈការចរចារវាងភាគីទាំងពីរបានបិទបញ្ចប់ កាលពីខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់បណ្តាញព័ត៌មាន  នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អាចអញ្ជើញទៅចុះហត្ថលេខាដោយផ្ទាល់នៅកូរ៉េ ប្រសិនបើស្ថានភាពកូវីដធូរស្រាល ឬអាចធ្វើ Online បើស្ថានភាពកូវីដ១៩ នៅមិនទាន់ល្អនោះ។

ឯកឧត្តមបានបញ្ជាក់ថា «ដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ គឺជាកិច្ចខិតខំប្រឹងប្រែង និងជោគជ័យមួយថ្មីទៀត របស់ក្រសួងពាណិជ្ជកម្ម នៅក្នុងការបើកច្រកទីផ្សារ សំរាប់នាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារពិភពលោក»

ឯកឧត្តមបន្តថា ទីផ្សារកូរ៉េដែលកម្ពុជាសំរេចចរចា បើកច្រកបានក្នុងពេលនេះ នឹងបង្កើនឱកាសថែមទៀតសំរាប់ ទំនិញកសិផល, កសិផលកែច្នៃ, វាយនភ័ណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, កាបូបធ្វើដំណើរ ផលិតផលកៅស៊ូ, គ្រឿងបន្លាស់, គ្រឿងបង្គុំអេឡិចត្រូនិក, ផលិតផលឧស្សាហកម្មស្រាល, និងផលិតផលផ្សេងទៀតមួយចំនួនធំ ដែលផលិតដោយអ្នកវិនិយោគក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស អាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។

ទន្ទឹមនឹងនេះក៏បង្កលក្ខណៈងាយស្រួល ដល់ការនាំចូលមកវិញនូវទំនិញអេឡិចត្រូនិក, ថ្នាំពេទ្យ, គ្រឿងបន្លាស់រថយន្ត, និងសម្ភារៈបរិក្ខារ ដែលជាវត្ថុធាតុដើម និងម៉ាស៊ីនឧបករណ៍ផលិតកម្មផ្សេងៗ បំរើអោយការផលិតរបស់យើង ដែលនឹងនាំអោយមានការកើនឡើង នូវផលិតភាពផលិតកម្ម ក៏ដូចជាគុណភាពផលិតផលសំរាប់នាំចេញ។

ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា «ទំនិញយើងចំនួនប្រមាណជាង១០០០០ (មួយម៉ឺន) បន្ទាត់ពន្ធនឹងនាំចេញដោយរួចពន្ធ ទៅទីផ្សារកូរ៉េដែលចំនួននេះ ទទួលបានលើសពីកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ»

ជាមួយគ្នានេះកិច្ចសម្រួលពាណិជ្ជកម្ម ក៏នឹងត្រូវបានអនុវត្តពេញលេញរបាំងមិនមែនពន្ធផ្សេងៗ រួមទាំងលក្ខខ័ណ្ឌអនាម័យ និងភូត្តគាមអនាម័យ, វិធានប្រភពដើមទំនិញ, ការទទួលស្គាល់ទៅវិញទៅមកអំពីការវាយតម្លៃស្តង់ដារ, បទដ្ឋានផលិត, គុណភាពទំនិញ និងរបាំងបច្ចេកទេសផ្សេងទៀត ក៏ត្រូវបានសំរួល និងលើកលែងសំរាប់លំហូរ ដោយសេរីនូវទំនិញ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏នឹងនាំមកផងដែរ នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, ការផ្លាស់ប្តូរបច្ចេកទេស និងការបង្កើនសមត្ថភាពក្នុងភាពជាដៃគូ។ ដោយឡែកការចរចារអំពីវិនិយោគ និងសេវានឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ប្រការនេះអាចជាការទាក់ទាញ ថែមទៀតនូវវិនិយោគបរទេសមកកម្ពុជា និងនាំអោយមានការនាំមក និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីៗថែមទៀត។ នេះការបញ្ជាក់បន្ថែមរបស់លោក ប៉ែន សុវិជាតិ។

សូមជម្រាបថា ឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រំពឹងថានឹងជួយជំរុញឲ្យទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ កើនឡើងដល់ជាង១ពាន់លានដុល្លារ៕