អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការបន្ទាន់ដើម្បីរំដោះជំនន់ទឹកភ្លៀង ជន់លិចកំណាត់ផ្លូវជាតិលេខ៧ និងលំនៅដ្ឋានប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ


នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងជន់លិចកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងប្រមាណ១.០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បន្ទាប់ពីភ្លៀងបានបង្អុរជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។
ក្នុងដំណើរអញ្ជើញចុះការងារខាងលើ ឯកឧត្ដម អភិបាលខេត្ត បាបញ្ជារឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ យកគ្រឿងចក្រកាយប្រឡាយ និងរៀបចំដាក់ប្រព័ន្ធលូបន្ថែម ដើម្បីរំដោះទឹកចេញ ដើម្បីបញ្ចៀសការជន់លិចផ្លូវជាតិ និងលំនៅដ្ឋាន រួមនឹងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ។