សម្តេចពិជ័យសេនា ទៀ បាញ់ ក្រើនរម្លឹកពលរដ្ឋ ឱ្យការពារខ្លួនពីកូវីដ១៩ និងអនុវត្តឱ្យបានម៉ឺងម៉ាត់វិធានការ «៣ការពារ និង៣កុំ»


(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវការពារខ្លួនពីការចម្លងកូវីដ១៩ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ «៣ការពារ៣កុំ» ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តាមរយៈទំព័រ Facebook យ៉ាងដូច្នេះថា៖ «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រើនរម្លឹកខ្លួនឯងជាប្រចាំថា ត្រូវការពារខ្លួនពីការចម្លងកូវីដ-១៩។ ហេតុនេះ សូមបងប្អូនបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីភាពសុខសាន្តរបស់ក្រុមរួសារញាតិមិត្ត និងសហគមន៍យើង»។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦២៨នាក់, អ្នកជំងឺចំនួន៤៨៦នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៧នាក់។

គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១០៥,៣៤៤នាក់, អ្នកជាសះស្បើយសរុបចំនួន៩៨,១៨៦នាក់ និងស្លាប់សរុបចំនួន២,១៤០នាក់៕