ឯកឧត្តម ជា ចាន់តូ ក្រើនរំលឹកប្រជាពលរដ្ឋចូលរួមក្នុងពិធីកាន់បិណ្ឌ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួនវិធានការ៣កុំ ៣ការពារ


(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានណែនាំប្រជាពលរដ្ឋចូលរួមក្នុងពិធីកាន់បិណ្ឌ សូមរក្សាគម្លាតសុវត្ថិភាព និងអនុវត្តវិធានការអនាម័យ របស់ក្រសួងសុខាភិបាល ទាំងការរស់នៅប្រចាំថ្ងៃ ត្រូវបន្តអនុវត្តឲ្យបានម៉ឹងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាយដាលកូវីដ១៩ និងការឆ្លងប្រភេទថ្មី ជាពិសេសគឺវិធានការ៣ការពារ និង៣កុំ។

ការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងឱកាសឯកឧត្តម និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមកាន់បិណ្ឌទី១ ប្រារព្ធនៅវត្តមួយចំនួនស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម ជា ចាន់តូ បានថ្លែងថា «ទោះបីពេលនេះប្រជាជនយុវ័យ និងកុមារទទួលការចាក់វ៉ាក់សាំងច្រើន ហើយករណីឆ្លងជំងឺកូវីដ១៩គ្រាន់តែអន់ថយខ្លះៗមែន ប៉ុន្តែវាមិនទាន់ផុតរលត់ពីភពផែនដីឡើយ។ ដូច្នេះការអនុវត្តអនាម័យ និងគម្លាតសុវត្ថិភាពជាការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស វិធានការ «៣ការពារ៣កុំ» គប្បីត្រូវបន្តអនុវត្ត ដោយការប្រុងប្រយត្ន័នឹងមានការទទួលខុសត្រូវខ្ពស់ ដើម្បីការពារការឆ្លងកូវីដ១៩ ពិសេសប្រភេទថ្មី គឺវីរុសដែលតា ដើម្បីរួមគ្នាឈានទៅកាត់ផ្ដាច់ការឆ្លងក្នុងសហគមន៍»

ឯកឧត្តម ជា ចាន់តូ បានបន្ថែមថា ក្នុងពេលនេះត្រូវចេះរៀបចំខ្លួនរស់នៅ ក្នុងគន្លងថ្មីជាមួយកូវីដ១៩ រហូតវារលាយបាត់ពីភពផែនដី។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះ តាមទីវត្តអារាមនីមួយៗ ក្នុងស្រុកសន្ទុកគឺបានអនុវត្ត ដោយការប្រុងប្រយត្ន័ខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីឲ្យប្រជាពុទ្ធបរិស័ទកម្ពុជា ចូលរួមក្នុងពិធីភ្ជុំបិណ្ឌ ប្រកបដោយសុវត្ថិភាព ក្នុងគន្លងថ្មីនៃបរិបទកូវីដ១៩ ពិសេសការកុំឲ្យមានការឆ្លង ក្នុងពិធីបុណ្យប្រពៃណីដ៏សំខាន់មួយនេះ។

ឯកឧត្តម ជា ចាន់តូ និងថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជា ឧទ្ទិសជូនដល់បុព្វការីជន មានជីដូន ជីតាមាតា បិតា និងសាច់ញ្ញាតិរបស់ខ្លួន នោះក៏បានឧទ្ទិសចំពោះដួងវិញ្ញាក្ខ័ន្ខ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម វិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិ ដែលបានបូជាអាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ នឹងបានឧទ្ទិសជូន ដល់វិញាណក្ខ័ន្ធប្រជាជានកម្ពុជាស្លូតត្រង់ ដែលស្លាប់ក្នុងបរបប្រល័យពូជសាសន៏ ប៉ុល ពត ផងដែរ។

ទន្ទឹមនេះក៏បានបួងសួង សូមឲ្យមនុញ្ញផលទាំងអស់កើតចេញពី ការធ្វើបុណ្យក្រោមកម្លាំងសុទ្ធាជ្រះថ្លានៃ មហាកម្លាំងសាមគ្គីរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា នាថ្ងៃនេះផ្ដល់នូវសេចក្ដីសុខ ចម្រុងចម្រើនដល់ថ្នាក់នាំកំពូលៗ របស់ជាតិប្រជាជន និងមាតុភូមិកម្ពុជាឲ្យទទួលបានតែសេចក្ដីសុខ និងទទួលបានការអភិវឌ្ឍរីកចម្រើន សម្បូររុងរឿងគ្រប់វិស័យ ពិសេសសូមបានឲ្យរួចចាកផុតពីជំងឺកូវីដ១៩។

ក្នុងឱកាសនៃការអញ្ជើញចូលរូម ក្នុងថ្ងៃកាន់បិណ្ឌទី១នេះឯកឧត្តម ជា ចាន់តូ ក៏បានវេបច្ច័យកើតចេញពី ទឹកចិត្តប្រកបដោយសុទ្ធា នាឱកាសនោះប្រគេចំពោះព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទ័យ្យវត្ថុ ដល់ព្រះសង្ឃគង់ក្នុងវត្តនីមួយៗផងដែរ៕