ប្រមុខការទូតកម្ពុជា នឹងចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ យប់នេះ


(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងឱកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

ការចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋមន្រ្តី ការបរទេស អាស៊ាន និង លោក អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក រំពឹងថានឹងបន្តពិភាក្សាលើបញ្ហានានាដែលបានលើកឡើងក្នុងឱកាសនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក និងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក។

រដ្ឋមន្រ្តីការបរទេសអាស៊ាន និងសហរដ្ឋអាមេរិក ក៏នឹងផ្លាស់ប្តូរយោបល់គ្នាផងដែរអំពីមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺនេះ។ ជាមួយគ្នានេះ ក៏នឹងមានការលើកឡើងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម៕