សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញ ឬផ្អាកការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីបារម្ភជាខ្លាំងនូវការផ្ទុះឡើងវិញនូវការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បន្ទាប់ពីមានការរកឃើញមានផ្ទុះជំងឺកូវីដ១៩ នៅតាមទីអារាមមួយចំនួនក្នុងឱកាសបុណ្យកាន់បិណ្ឌរយៈពេលពីរថ្ងៃកន្លងមកនេះ។ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមានការពិចារណាឡើងវិញចំពោះការប្រារព្ធពិធីបុណ្យនេះ ឬអាចឈានទៅផ្អាកការបារព្ធពិធីនេះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះសិន។

តាមរយៈសារសំឡេងពិសេសនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា នៅតាមទីវត្តអារាមមួយចំនួន រួមទាំងវត្តជំពុះក្អែករបស់សម្តេចព្រះពោធិ៍វង្ស អំ លីមហេង ផង បានរកឃើញមានការឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំពិតជាមានការបារម្ភថា បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ។ មិនគ្រាន់តែនៅក្នុងទីក្រុងទេ ប្រជុំជនទេ ជនបទក៏នឹងកើតឡើងដែរ។ ឥឡូវជនបទមួយចំនួនចាប់ផ្តើមផ្ទុះនូវកូវីដ១៩ ដែលវាអាចឈានទៅបំផ្លាញដល់ការបើកសាលារៀនឡើងវិញ ដោយសារពេលនេះអ្នកទីក្រុងចរាចរណ៍ទៅជនបទ អ្នកជនបទចរាចរណ៍មកទីក្រុង ជាពិសេសចូលទៅតាមទីអារាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅតំបន់មួយដោយគ្មានការទប់ស្កាត់»

សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីត័រ្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការចូលរួម ពិនិត្យពិចារណាលើរឿងនេះ ឱ្យបានម៉ត់ចត់។

សម្រាប់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការរក្សានូវស្ថានភាពដែលកម្ពុជាបានអនុវត្តន៍កន្លងមក ដែលជាការរស់នៅតាមបែបគន្លងថ្មី ដោយរក្សានូវភាពស្ងប់ស្ងាត់ បន្ថយការប្រមូលផ្តុំជាដើម។ តាមសម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យមានការពិចារណាក្នុងផ្អាកពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។ បើមិនផ្អាកពិធីបុណ្យកាន់បិណ្ឌទេ ត្រូវរកវិធីកាត់បន្ថយការជួបជុំ គឺអនុញ្ញាតឱ្យមានមនុស្សតិចបំផុតទៅទីអារាមកាន់បិណ្ឌសម្រាប់វេននីមួយៗ។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពដល់ព្រះចៅអធិការនៅតាមវត្តនីមួយៗ ក្នុងការដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទទូទាំងប្រទេសចំពោះមុខស្ថានភាពដ៏លំបាករបស់សង្គមជាតិនាពេលនេះ។ សម្តេចតេជោ រំពឹងថា ក្រោយពិធីបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌនេះទៅ នឹងមានមហន្តរាយសម្រាប់ប្រជាពលរដ្ឋខ្មែរ ព្រោះតែជំងឺកូវីដ១៩៕