ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុងគ្រោងនឹងចាប់ផ្តើមកែលម្អទៅជាប្រភេទAC នៅចុងឆ្នាំនេះ


ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នឹងចាប់ផ្ដើមអនុវត្តដំណើរ ការសាងសង់នៅចុងឆ្នាំនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ដើម្បី សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិលទៅទីរួមខេត្តកោះកុងនេះ មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ដែលជាផ្លូវកៅស៊ូពីរស្រទាប់ស្តើង ដែលបានប្រើប្រាក់កម្ចីពីប្រទេសថៃសម្រាប់ការសាងសង់ផ្លូវ ប៉ុន្តែស្ពាន៤កន្លែងគឺជាជំនួយឥតសំណងរបស់មិត្តថៃដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល ។

ឯកឧត្តមបញ្ជាក់ថា ដោយសារតែ បច្ចុប្បន្ននេះផ្លូវនេះ មានសកម្មភាពធ្វើដំណើរច្រើន ហើយជាច្រកសេដ្ឋកិច្ចផង នោះ ក្រសួងនឹងរៀបចំស្តារលើកកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយពង្រីកទៅជា៤កន្លែង ២គន្លងទៅ ២គន្លងមក នៅលើផ្លូវប្រវែងប្រហែល១៥០ គីឡូម៉ែត្រនេះ ដើម្បីធានាបង្កើនសុវត្ថិភាព និងសម្រួលក្នុងការធ្វើដំណើរ ។

ឯកឧត្តមថា៖ «យើងនឹងរៀបចំស្តារ លើកកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយប្រើថវិកា កម្ចីមកពីប្រទេសកូរ៉េ ។ហើយយើងនឹងពង្រឹក៤គន្លង ពី២គន្លងទៅ៤គន្លង ប្រវែងប្រហែល ២៥គីឡូម៉ែត្រ នៅលើផ្លូវ ប្រវែងប្រហែល១៥០គីឡូម៉ែត្រនេះ ។ ខ្ញុំទើបចុះហត្ថលេខា កុងត្រាសាងសង់កាលពីពេលថ្មីៗនេះ ដូច្នេះបើកការដ្ឋានយើងមិនអាចបើក ពេលខែភ្លៀងនោះទេ អ៊ីចឹងប្រហែលជាចុងឆ្នាំនេះ យើងបើកការដ្ឋានជួសជុលផ្លូវ ស្តារផ្លូវលេខ៤៨នេះ »។

គួរជម្រាបថា កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG & HANIL Joint Venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ នេះ ដែលគ្រោងចំណាយថវិកាសរុបប្រមាណជាង ៧៨លានដុល្លារអាមេរិក។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។

គម្រោងនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាពនៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលានិងថ្លៃធ្វើដំណើរនិងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសជាមួយប្រទេសថៃ។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ក្នុងរយៈពេល ៣២ ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ ២០២៤៕