ថ្ងៃនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល បោះឆ្នោតសម្រេចចុងក្រោយកំណត់យកតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតកាត់ដេរ ឆ្នាំ២០២២


នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា ដែលមានភាគីតំណាងរាជរដ្ឋាភិបាល តំណាង និយោជក និងតំណាងសហជីព បានចាប់ផ្តើមរៀបចំការប្រជុំ និងបោះឆ្នោតសម្រេចចុងក្រោយ ដើម្បីកំណត់យកតួលេខ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅឆ្នាំ២០២២។

ការរៀបចំបោះឆ្នោតកំណត់ប្រាក់ឈ្នួលអប្បបរមាចុងក្រោយនេះ ធ្វើឡើងនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង។

កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនេះ គឺធ្វើឡើងចំនួន៣ លើកមកហើយ ពិសេសក្នុង ការពិភាក្សាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ភាគីសហជីពបានស្នើតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន «២០៤ ដុល្លារអាមេរិក» រីឯភាគីនិយោជកបានស្នើដាក់តួលេខត្រឹមតែ «១៨៨ ដុល្លារ» ប៉ុណ្ណោះ ខណៈភាគីរាជរដ្ឋាភិបាលដែលតែនៅកណ្ដាលនោះ គឺបានស្នើឱ្យរក្សាតួលេខ «១៩២ ដុល្លារ» ដែលជាអត្រាប្រាក់ឈ្នួលឆ្នាំ២០២១។ ទោះយ៉ាងណា តួលេខទាំងនេះមិនទាន់កៀកគ្នាមែនទែននៅឡើយទេ។

នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបាន ប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាល ជំងឺកូវីដ១៩ក៏ដោយ ដោយក្នុងពេលរៀបចំដំឡើងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕