នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ២០ម៉ឺនដូស


(ភ្នំពេញ)៖ ឯកឧត្តម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានបង្ហាញនូវការដឹងគុណ និងអរគុណក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់រដ្ឋាភិបាល និងប្រជាជនឡាវ។ នាយករដ្ឋមន្ត្រីឡាវ បានចាត់ទុកការផ្តល់ជំនួយនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីទឹកចិត្តសប្បុរសធម៌យ៉ាងពិតប្រាកដរបស់សម្តេចតេជោ និងប្រជាជនកម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ។

ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់យ៉ាងដូច្នេះ «តាងនាមឱ្យបក្ស រដ្ឋាភិបាល និងប្រជាជនឡាវ ខ្ញុំសូមឆ្លៀតឱកាសនេះ សូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវ ក្នុងរយៈកាលប៉ុន្នានឆ្នាំកន្លងទៅ ជាពិសេសក្នុងគ្រាដ៏លំបាក ដែលប្រទេសយើងទាំងពីរកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កម្ពុជានៅតែចែករំលែកដោយទឹកចិត្តសប្បុរសធម៌នូវអ្វីដែលកម្ពុជាមាន តាមរយៈការផ្តល់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ២០០ ០០០ ដូស ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបន្តថា «កាយវិការនេះជាការរួមចំណែកជួយយើងខ្ញុំ ធ្វើឱ្យសម្រេចបានទិសដៅ ៥០% ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់យើងខ្ញុំ នៅដំណាច់ឆ្នាំនេះតាមការគ្រោងទុក។ ជំនួយឧបត្ថម្ភដ៏មានតម្លៃនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ និងចំណងសាមគ្គីភាពដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះ រដ្ឋាភិបាលនិងប្រជាជនឡាវ ហើយក៏ជាអះអាងបញ្ជាក់ផងដែរពីចំណងមិត្តភាពជិតស្និទ្ធិ សាមគ្គីភាពយូអង្វែង និងភាពជាអ្នកជិតខាងល្អ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅប្រកបដោយផ្លែផ្កាថែមទៀត។»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសជូនទៅរដ្ឋាភិបាល និងប្រជាជនឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងលិខិតផ្ញើជូននាយករដ្ឋមន្ត្រីឡាវ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយវ៉ាក់សាំងនេះធ្វើឡើងក្រោមស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ប្រទេសឯកឧត្តមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏សាហាវនេះ។

វ៉ាក់សាំងជាជំនួយនេះ ត្រូវបានឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដឹកយកទៅជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ ពិធីប្រគល់ និងទទួលត្រូវបានធ្វើឡើងនៅច្រកព្រំដែនកម្ពុជា-ឡាវ ត្រពាំងក្រៀល-ណុងណងខៀន។ ភាគីឡាវអញ្ជើញទទួលដោយលោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ៕