ក្រុមប្រឹក្សាធម្មនុញ្ញ៖ ច្បាប់ស្តីពីការវិនិយោគ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ស្របរដ្ឋធម្មនុញ្ញ


(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យឃើញថា ច្បាប់ស្តីពីការវិនិយោគ និងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម គឺស្របរដ្ឋធម្មនុញ្ញ។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងមានការយាង និងអញ្ជើញចូលរួមពីសមាជិក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។

មុននឹងឈានដល់ការប្រជុំពិនិត្យ និងសម្រេចនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានកោះមន្ត្រីពាក់ព័ន្ធមកឆ្លើយបំភ្លឺ និងពន្យល់ពាក់ព័ន្ធទៅនឹងច្បាប់ទាំងពីរនេះផងដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ច្បាប់ទាំងពីរខាងលើនេះ ត្រូវបានរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។

បើតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋសភានាពេលកន្លងទៅ បានគូសបញ្ជាក់ថា ច្បាប់នេះ នឹងផ្តល់លទ្ធភាពកាន់តែប្រសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងរួមចំណែកជាមួយតំបន់ និងសកលលោក សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេសសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគតំបន់ ដោយពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជននៅក្នុងប្រទេស និងតំបន់។

ក្នុងនោះច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់ថ្មីមួយ ដែលត្រូវផ្តួចផ្តើម និងចង្អុលបង្ហាញដោយឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ច្បាប់នេះ នឹងទាក់ទាញលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាតាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយ ដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គមសេដ្ឋកិច្ច៕