សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ប្រគល់ផ្ទះថ្មី១ខ្នង និងអំណោយជូនដូនចាស់៥គ្រួសារ នៅឃុំកំរៀង ស្រុកកំរៀង


(បាត់ដំបង)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះប្រគល់ផ្ទះថ្មី១ខ្នង ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនគ្រួសារជាស្រ្តីមេម៉ាយទីទ័លក្រ ១គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្តា្រក់នៅភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង និងបានប្រគល់អំណោយជូនដូនចាស់ចំនួន ៥គ្រួសារផងដែរ។

ឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩។

ឯកឧត្តមទាំង២ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនានា ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ ការរាតត្បាតមេរោគកូវីដ-១៩ និងគិតគូររួមគ្នាក្នុងការស្តារសេដ្ឋកិច្ចជាតិក្រោយកូវីដ-១៩។ ប្រជាពលរដ្ឋទាំងអស់ត្រូវប្រឹងប្រែងប្រកបរបរបង្កបង្កើនផលដើម្បីជីវភាពគ្រួសារ ហើយត្រូវលើកកម្ពស់ការរក្សាអនាម័យ បរិភោគទឹកឆ្អិន ដេកក្នុងមុងជានិច្ច និងសូមរស់នៅដោយក្តីសុខដុមរមនាក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា ផ្ទះថ្មីនេះមានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ គ្រឿងបង្គុំធ្វើពីដែក សសរដែក ជញ្ជាំងថ្មនិងសង័្កសី ដំបូលស័ង្កសី និងតតាកខាងមុខផ្ទះ ចំណាយថវិកាតម្លៃ ១,៨៧៥ដុល្លារ បានផ្តល់ជូនគ្រួសារលោកស្រី ឆៃ លឿម អាយុ៥០ឆ្នាំ ជាស្រ្តីមេម៉ាយមានជីវភាពទីទ័លក្រ ខ្លាំងមានបន្ទុកគ្រួសារចំនួន៣នាក់ ស្រី២នាក់ ដែលផ្ទះចាស់ ទ្រុធទ្រោម រងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។

ជាមួយគ្នានេះអំណោយផ្តល់ជូនម្ចាស់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ ២យួរ, ទឹកបរិសុទ្ធវីឃែរ ២ធុង សម្ភារចានឆ្នាំង ១ឈុត , ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, កន្ទេល១, ធុងទឹក១ ម៉ាស់ ២ប្រអប់, អាល់កុល៥ដប និងថវិកា២០ម៉ឺនរៀល។ ដោយឡែកចាស់ៗចំនួន៥គ្រួសារ ដែលចូលរួមក្នុងកម្មវិធីនេះ ក្នុងគ្រួសារនីមួយៗទទួលបានអង្ក២៥គីឡូក្រាម, ទឹកបរិសុទ្ធវីឃែ ១ធុង, មី១កេស ,ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ឃីត១កញ្ចប់ (ក្រមា សារុង ម៉ាស់ក្រណាត់៥បន្ទះ អាកុល១ដបតូចនិងថវិកា ៧ម៉ឺនរៀល៕