កិច្ចប្រជុំពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា


ភ្នំពេញ ៖ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង(PMU) កាលពី​ថ្ងៃ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

នៅក្នុង​ឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីវឌ្ឍនភាពការ ងារសំខាន់ៗ នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា របស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង និងបានមាន​ប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមជំនាញការជប៉ុន និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសហការគ្នាល្អ និង​បានខិតខំប្រឹងប្រែងបំពេញការងារប្រកដោយការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា ឱ្យមានភាពប្រទាក់ក្រឡាគ្នា ប្រកបដោយភាពប្រកួតប្រជែង និងចីរភាព។

ជាមួយគ្នានោះដែរ លោកជំទាវរដ្ឋលេខាធិការ បានមាន​ប្រសាសន៍លើកទឹកចិត្តឱ្យក្រុមការងារពាក់ព័ន្ធពិនិត្យកែសម្រួល និងពន្លឿនការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានាដែលត្រូវបង្កើតនៅក្នុងគម្រោងនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យសម្រេច សំដៅធ្វើយ៉ាងណាឱ្យគោលនយោបាយផែនការយុទ្ធសាស្ត្រទាំងនោះ មានលក្ខណៈសមស្រប និងអាចអនុវត្តន៍បានទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគតរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងធានាបាននូវផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានពិភាក្សា លើវឌ្ឍនភាពសកម្មភាពការងារក្នុងរយៈពេលមួយខែកន្លងមក របស់ក្រុមការងារភស្តុភារកម្មបៃតង (Green Logistics) ក្រុមការងារទទួលបន្ទុកមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ (Regional Logistics Hub) ក្រុមការងារដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ (Cold Chain) ក្រុមការងារទំនើបកម្មរថយន្ដដឹកទំនិញ(Truck Modernization) ក្រុមការងារពិនិត្យតាមដាន និងវាយតម្លៃលើការអនុវត្តគម្រោង ក្រុមការងារសិក្សាចំពោះបណ្ដាញដឹកជញ្ជូនតាមព្រំដែន (Border Improvement) និងលទ្ធផលនៃការចុះអង្កេតនៅតំបន់ប៉ោយប៉ែត៕