អភិបាលខេត្តបន្ទាយមានជ័យ បាននាំស្បៀងអាហាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ១៦០គ្រួសារ នៅលើទីទួលសុវត្ថិភាព ក្រុងសិរីសោភ័ណ


(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះនាំស្បៀងអាហារ និងឃីត១កញ្ចប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពលរដ្ឋដែលអាជ្ញាធរជម្លៀសមករស់នៅលើទួលសុវត្ថិភាព ចំនួន១៦០គ្រួសារ នៅក្រុងសិរីសោភ័ណ។

ប្រជាពលរដ្ឋដែលជម្លៀសមករស់នៅលើទីទួលសុវត្ថិភាព ដើម្បីគេចជំនន់ទឹកភ្លៀងទាំង១៦០គ្រួសារនេះ រួមមានពលរដ្ឋរស់នៅក្នុងសង្កាត់សង្កាត់ទឹកថ្លា (ភូមិបាយណយ ភូមិទឹកថ្លា) ចំនួន៥៨គ្រួសារ និងនៅសង្កាត់អូរអំបិល ចំនួន១០២គ្រួសារ (ភូមិព្រហូត រោងម៉ាសុីន គោរដ្ឋាន និងភូមិសែសិន)។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយប្រកាន់ភ្ជាប់នូវអនាម័យ ដើម្បីការពារពីជំងឺឆ្លងនានា ជាពិសេសត្រូវគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជូន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩៕