អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ផ្ទះ២ខ្នងជូនពលរដ្ឋក្រីក្រ និងនាំអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋរងាយរងគ្រោះ២៧គ្រួសារ នៅស្រុកសំរោងទង


(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះថ្មីចំនួន២ខ្នង ជូនដល់ប្រជាពលរដ្ឋក្រីក្រ២គ្រួសារ និងនាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន២៧គ្រួសារ នៅឃុំទំព័រមាស ស្រុកសំរោងទង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលក៏បានជំរុញដល់ក្រុមការងារ ត្រូវពិនិត្យការជួយមនុស្សដែលកំពុងខ្វះខាតនាពេលនេះ គឺជាការងារចាំបាច់ណាស់សម្រាប់កិច្ចការមនុស្សធម៌ ជាពិសេសមិនត្រូវគិតពីនិន្នាការនយោបាយ ពណ៌សម្បុរអ្វីនោះឡើយ។

ឯកឧត្តមបានបញ្ជាក់ថា ទីណាមានទុកលំបាកទីនោះ តែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច ចំណុចទាំងនេះជាចក្ខុវិស័យមនុស្សធម៌ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ឯកឧត្តមអភិបាលខេត្តក៏ណែនាំដល់ប្រជាពលរដ្ឋត្រូវរស់នៅត្រូវមានអនាម័យដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ព្រមទាំងត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ «៣កុំ និង៣ការពារ» ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង២៧គ្រួសារនាពេលនេះរួមមាន៖ អង្ករ មី ត្រីខ ប្រេងឆា ទឹកត្រីទឹកស៊ីអ៉ីវ ភួយ សារុង ក្រម៉ា មុង សម្ភារៈផ្ទះបាយ១ឈុត និងថវិកាចំនួន ៥០,០០០រៀល៕