អភិបាលខេត្តតាកែវ ណែនាំស្ថាប័នពាក់ព័ន្ធ សហការគ្នាធ្វើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដំណើរការបានរលូន


ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នាព្រឹកថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានណែនាំដល់ស្ថាប័នដែលពាក់ព័ន្ធទាំងឡាយ ពិសេសអាជ្ញាធរមានសមត្ថកិច្ចត្រួវរួមសហការ គ្នាដើម្បីធ្វើយ៉ាងណាឲ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២១ នៅក្នុងខេត្តតាកែវ ដំណើរការទៅបានដោយរលូន និងគ្មានអំពើហិង្សាកើតឡើង។

លោកអភិបាលខេត្តតាកែវ បានបន្តថា សម្រាប់ខេត្តតាកែវមានការិយាល័យបោះឆ្នោតសរុបចំនួន ១,៥៨៥ការិយាល័យ និងចំនូននាក់ចុះឈ្មោះមានចំនួន៦៨,៣២៥នាក់ ហើយកន្លងមកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានរៀបចំការបោះឆ្នោតសាកល្បង ប៉ុន្ដែត្រូវធ្វើការពន្យាពេលសិន ដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពខ្លាំងក្លានៅឡើយនៅក្នុងខេត្តតាកែវ។

លោក អ៊ូច ភា បានថ្លែងទៀតថា ដើម្បីឲ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតទទួលបានជោគជ័យ គប្បីអាជ្ញាធរពាក់ព័ន្ធត្រួវពង្រឹងការរក្សាសុខសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព និងមិនមានការប្រើប្រាស់អំពើហិង្សា កើតឡើងដើម្បីបង្ករលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ នៅពេលមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១នេះ៕