កម្ពុជាបន្តបញ្ជូនកងទ័ពមួកខៀវ ប្រមាណ៣០០នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសម៉ាលី


បើទោះបីជាពិភពលោក ព្រមទាំងប្រទេសកម្ពុជា បច្ចុប្បន្ននេះ កំពុងតែរងគ្រោះញាំញី ដោយវិបត្តិវីដ១៩ យ៉ាងណាក្តី ប៉ុន្តែវាមិនមែនជារនាំងសម្រាប់កិច្ចការមនុស្សធម៌របស់កម្ពុជា នៅលើឆាកអន្តរជាតិនោះទេ។ ជាក់ស្តែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួនប្រមាណ៣០០នាក់ ក្នុងនោះមាននារី២៦នាក់ ចេញទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាតិ នៅប្រទេសម៉ាលី។

កម្លាំងកងទ័ពមួកខៀវ ដែលបញ្ជូនទៅប្តូរវេននោះរួមមាន៖ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD លេខ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទាំព្រលានយន្តហោះលេខ៩២៧។ សម្រាប់កងកម្លាំងមួកខៀវ ដែលត្រូវចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ របស់ UN គឺជាកងទី៨ ហើយដែលកម្ពុជាបានបញ្ជូនទៅប្រទេសម៉ាលី។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។

ក្នុងបរិបទនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមហែកហួរជិត ៣ទសវត្ស ហើយទើបទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេសនាឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើសមាហរណកម្ម ពីក្នុងតំបន់អាស៊ី ដោយបោះជំហានពង្រីកវិសាលភាពនៃបទពិសោធន៍ដ៏ផូផង់របស់ខ្លួន ចូលរួមចំណែកបេសកកម្មរក្សាសន្តិភាព នៅប្រទេសចំនួន០៩ មាន១០បេសកកម្ម នាទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន និងតទៅអនាគត។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ជាង៧ពាន់នាក់ ទៅបំពេញបេសកកម្ម មនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ ក្នុងនោះមាននារីជិត៨០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕