កុមារកំព្រាមកពីបណ្តារាជធានីខេត្ត ចំនួន ៤៦នាក់ បានទទួលថវិកាឧបត្ថម្ភ ពីឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា


ថ្ងៃអាទិត្យ ១២ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត
សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ
បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំត្រីមាសទី១ ឆ្នាំ២០២១ ជូនកុមារកំព្រា ចំនួន ៤៦នាក់ ដែលអញ្ជើញមកពី ៩ រាជធានី ខេត្ត ស្ថិតនៅមជ្ឈមណ្ឌលផ្ទះអេមីរ៉ាត សំរាប់ក្មេងកំព្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្ដមណ្ឌលភ្នំពេញ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុះ ហ្វាស៊ី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងអាជ្ញាធរដែន ព្រមទាំង សហការី យុវជន មួយចំនួន។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច ។ ជាមួយនេះឯកឧត្តមបានផ្តាំផ្ញើដល់អ្នកអាណាព្យាបាល និងក្មួយៗកុមារត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្មួយៗដែលមានអាយុ១២ ដល់១៧ឆ្នាំ ត្រូវទៅទទួលយកការចាក់វ៉ាក់សាំង ដើម្បីបង្កើតភាពស៊ាំ និងត្រៀមលក្ខណៈចូលរៀនឡើងវិញ តាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

សូមបញ្ជាក់ផងដែរថា ៖ សមាគមគ្រូពេទ្យឥស្លាមកម្ពុជា ក្រោមគម្រោងឧបត្ថម្ភកុមារកំព្រានេះ គឺបានការឧបត្ថម្ភគាំទ្រពីអង្គការ Hasene នៅប្រទេសអាល្លឺម៉ង់ សហការជាមួយសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា ដែលបានអនុវត្តតាំងពីឆ្នាំ២០១៣ មកដល់សព្វថ្ងៃ។ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ នេះ សរុបកុមារ ៤៦ នាក់ ដោយម្នាក់ៗទទួលបានថវិកាប្រហែល១០១ដុល្លារ សរុបថវិកាចំនួន ៤៦៤៦ ដុល្លាអាមេរិក សម្រាប់ដោះស្រាយជីវភាព និងផ្គត់ផ្គង់ការសិក្សារបស់កុមារ ដែលកំព្រា ខ្វះខាតនៅតាមសហគមន៍ឥស្លាម ។ ក្នុងរយៈពេល ៩ ឆ្នាំនៃការអនុវត្តគម្រោងនេះ គឺបានផ្តល់ប្រាក់ឧបត្ថម្ភសរុប ជាង ២២០.០០០ ដុល្លារសហរដ្ឋអាមេរិក ។ តាមកិច្ចព្រមព្រៀងនៃគម្រោង នៅត្រីមាសខាងមុខ នឹងបង្កើនកុមារកំព្រាឱ្យបានប្រមាណ ១០០ នាក់ ដើម្បីចូលរួមជួយដល់កុមារកំព្រាដែលកំពុងត្រូវការជំនួយចាំបាច់ ៕