សម្តេច ទៀ បាញ់៖ ការសម្រេចចិត្តរបស់សម្តេចតេជោ ចាក់វ៉ាក់សាំងជូនពលរដ្ឋ ដោយមិនខ្វល់ការរិះគន់ ជាកត្តាគន្លឹះនាំឱ្យជោគជ័យទាំងការចាក់វ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩


សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការសម្រេចចិត្តរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជម្នះក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដំណាក់កាលដំបូង ដោយមិនខ្វល់ការរិះគន់ និងតិះទៀននានា គឺជាកត្តាគន្លឹះនាំឱ្យកម្ពុជាជោគជ័យទាំងលើការចាក់វ៉ាក់សាំងបានលឿន និងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

បន្ទាប់ពីបើកយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋរយៈពេលប្រមាណជា៨ខែ ប្រទេសកម្ពុជា បានក្លាយទៅជាប្រទេសឈានមុខមួយនៅលើពិភពលោក ដែលសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋបានលឿន និងបានចំនួនច្រើន។

គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បានចំនួនជាង ១៣.៤លាននាក់ហើយ ស្មើនឹងជាង ៨៤ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចាត់ទុកលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺជាផ្លែផ្កាគួរជាទីមោទនភាពសម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា «យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើងទៅ ចាប់តាំងពីដូសទី១ រហូតដល់ដូសទី២ គឺជាជោគជ័យដ៏អស្ចារ្យខ្លាំងណាស់ សម្រាប់ទស្សនវិស័យ ការគិតគូរ ការរៀបចំ ការដឹកនាំដ៏ប្តូរផ្តាច់ចំពោះជាតិមាតុភូមិ រហូតមកដល់ពេលនេះកម្ពុជា មានមោទនភាពខ្លាំងណាស់ដោយមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គ្រប់គ្រាន់ ដែលត្រូវបានចាត់ទុកថាជាខ្សែក្រវ៉ាត់ការពារជួរមុខបំផុត ត្រូវបានចាក់ជូនប្រជាជនកម្ពុជាជាទូទៅ»

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាវិធានការដ៏ចាំបាច់ និងជាខ្សែក្រវ៉ាត់ការពារសុខភាពប្រជាពលរដ្ឋដ៏សំខាន់ពីការរាតត្បាតជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ជាមួយវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិន។

ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ បានរងនូវសម្ពាធ និងការរិះគន់ជាច្រើនពីសំណាក់អង្គការសង្គមស៊ីវិល និងអ្នកនយោបាយជំទាស់។ អង្គការសង្គមស៊ីវិល និងអ្នកនយោបាយជំទាស់មួយចំនួន បានចោទប្រកាន់ការសម្រេចចិត្តរបស់សម្តេចតេជោថា យកពលរដ្ឋជាឧបករណ៍សម្រាប់ធ្វើតេស្តវ៉ាក់សាំងរបស់ចិន ដ្បិតវ៉ាក់សាំងស៊ីណូហ្វាមនាពេលនោះ មិនទាន់បានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយ។

តែសម្តេចតេជោ ហ៊ុន សែន នៅតែជម្នះក្នុងការចាក់វ៉ាក់សាំងនោះជូនប្រជាពលរដ្ឋ ដោយប្រើទាំងវិធានការក្តៅ និងត្រជាក់ ដើម្បីជំរុញពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ការចាក់វ៉ាក់សាំង គឺកត្តាដ៏ចាំបាច់ក្នុងការកំណត់នូវជោគវាសនារបស់ប្រជាពលរដ្ឋពីការរាតត្បាតជំងឺកូវីដ១៩។ ប្រទេសជាច្រើនដែលចាក់វ៉ាក់សាំងបានតិចតួច បានជួបគ្រោះមហន្តរាយសុខភាពសាធារណៈធ្ងន់ធ្ងរ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា»

សម្រាប់កម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ១៩ ហាក់កំពុងស្ថិតក្នុងស្ថានភាពមួយល្អប្រសើរ ហើយកំពុងពិចារណាឈានទៅបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឱ្យបានទូលាយឡើងវិញផងដែរ។ ស្ថានភាពប្រសើររបស់កម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាប់ទាក់ទងគ្នាជាចាំបាច់ជាមួយលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ។

លទ្ធផលដែលកម្ពុជាទទួលបាននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់គុណសម្បត្តិខ្ពស់ចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជម្នះការតិះទៀន និងរិះគន់នានា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ សម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ បើសម្តេចតេជោអល់អែកលើការចាក់វ៉ាក់សាំង ដោយជឿតាមយោបល់របស់អង្គការសង្គមស៊ីវិល និងអ្នកនយោបាយជំទាស់មួយចំនួននោះ គេមិនអាចសន្និដ្ឋានបាននូវជោគវាសនាប្រជាជន និងជាតិ ចំពោះមុខការរាតត្បាតនៃជំងឺកូវីដ១៩នោះឡើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រប់ពេល គ្រប់វេលា គ្រប់កាលៈទេសៈទាំងអស់ ដែលខ្ញុំតែងនិយាយថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺវិសេសវិសាលគ្រប់យថាហេតុទាំងអស់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺលោកបានក្តាប់ជាប់គ្រប់ពេលវេលាទាំងអស់ ហើយបានជំរុញឱ្យអ្នកប្រតិបត្តិទាំងឡាយចូលរួម…! ទ្រឹះស្តីដំបូងរបស់សម្តេច គឺយកវ៉ាក់សាំងមកស្រោចនៅក្នុងតំបន់ក្រហមមុនគេ និងអនុវត្តវិធានការផ្ការីក ដោយមានអនុវត្តការងារនេះ បានយ៉ាងជោគជ័យជាទីបំផុត។

សម្តេចពិជ័យសេនា ដែលជាសេនាធិការដ៏ជិតស្និទ្ធបំផុតរបស់សម្តេចតេជោ បានលើកឡើងទៀតថា «ការបន្តុះបង្អាប់ មានរឿងនេះ មានរឿងនោះ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន មិនដែលមានការខ្វល់ ចំពោះកិច្ចការងារនោះទេ គឺលោកពុះពារប្តូរផ្តាច់ ហើយក្លាហានបំផុត ដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋយ៉ាងជោគជ័យបំផុត ដោយធ្វើឱ្យប្រទេសមួយចំនួនកោតសសើរ និងចាប់ផ្តើមចាក់វ៉ាក់សាំងដែរ។ ដូច្នេះការបន្តុះបង្អាប់បង្កឱ្យមានសម្ពាធនេះ សម្ពាធនោះថា វ៉ាក់សាំងចិន អត់មានគុណភាព ប៉ុន្តែជាក់ស្តែងតាមរយៈការចាក់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍មិនបង្កឱ្យករណីឆ្លងរីករាលដាលធ្ងន់ធ្ងរលើអ្នកជំងឺ»

ជាការកត់សម្គាល់លទ្ធផលដែលកម្ពុជាសម្រេចបានលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ សាទរចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាបពិភពលោក អង្គការអភិវឌ្ឍ រួមនឹងបណ្តាប្រទេសជាមិត្ត ក៏បានកោតសរសើរកម្ពុជា។ ពួកគេបានបង្ហាញក្តីរំពឹងដែរថា ស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា អាចនឹងមានភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយពេលកម្ពុជាអាចគ្រប់គ្រងលើការរីករាលដាលជំងឺកូវីដ១៩ បានប្រសើរ៕