ឯកឧត្តម សាយ សំអាល់ ថ្លែងកោតសរសើរនិងអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧


នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ក្រសួងបរិស្ថាន បានរៀបចំអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់កុមារ ដើម្បីការអភិវឌ្ឍន៍សង្គម» ដើម្បីបញ្រ្ជាបចំណេះដឹង បណ្តុះស្មារតី និងឆន្ទៈស្រឡាញ់បរិស្ថានទៅដល់កុមារតូចៗ ដែលនឹងក្លាយទៅ ជាអ្នកបន្តវេនក្នុងកិច្ចគាំពារ និងការអភិរក្សធនធានធម្មជាតិ។ ពិធីនេះត្រូវបានរៀបចំឡើងនៅទីស្តីការ ក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹក មន្រ្តីរាជការ និងកុមារតូចដែលជាកូនៗរបស់មន្រ្តីរាជការនៃ ក្រសួងបរិស្ថានផងដែរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុង ការលើកកម្ពស់ការចូលរួមរបស់កុមារក្នុងកិច្ចគាំពារបរិស្ថាន ក៏ដូចជាការលើកកម្ពស់ការយល់ដឹងពីវិស័យ បរិស្ថានជាតិ និងពិភពលោក ដល់មាតាបិតា អាណាព្យាបាល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា នឹងបង្កើតឱ្យមានកម្មវិធីដែលមានការចូលរួមពីកុមារបែបនេះបន្តទៀត ដើម្បីបញ្រ្ជាប ការយល់ដឹងបន្ថែមដល់ពួកគាត់ និងបានចូលរួមលេងល្បងប្រាជ្ញា ក៏ដូចជាការគូរូប និងទស្សនានូវវីដេអូ ផ្សេងៗដែលទាក់ទងនឹងបរិស្ថាន។
សូមបញ្ជាក់ថា នេះគឺឆ្នាំទី២ហើយ ដែលក្រសួងបរិស្ថាន បានបង្កើតឱ្យមានកម្មវិធីនេះឡើង ដោយក្នុង នោះមានដូចជា ការចាក់បញ្ចាំងនូវល្ខោនស្បែកតូច កម្មវិធីសំណួរចំលើយដែលមានការចូលរួមឆ្លើយ ពីកុមារតូចៗ ដែលនេះគឺជាផ្នែកមួយជំរុញលើកទឹកចិត្ត និងគាំទ្រនូវសិទ្ធិជាមូលដ្ឋានទាំង៤របស់កុមារគឺ សិទ្ធរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍន៍ សិទ្ធិទទួលការការពារ និងសិទ្ធិក្នុងការចូលរួមក្នុងបុព្វហេតុ បង្កើតធនធានមនុស្សដោយសក្កានុពល មានចំណេះដឹង ជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពខ្ពស់ក្នុងការ ប្រកបការងារ មុខរបរការងារកសាងជីវភាពរស់នៅប្រកបដោយ សេចក្តីថ្លៃថ្នូរ និងមានឆន្ទៈមោះមុត ចូលរួមអភិវឌ្ឍន៍ប្រទេសនាពេលអនាគត៕