ឯកឧត្តម ជាវ តាយ ត្រូវបានគណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ប្រជុំពិភាក្សាអញ្ជើញឲ្យឯកឧត្តមធ្វើជាប្រធានគណៈកម្មាធិការថ្មី ក្នុងសាខា


(ពោធិ៍សាត់)៖ ក្រោយពីឡើងកាន់មុខតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានប្រមាណ៧ថ្ងៃមកនេះ ឯកឧត្តម ជាវ តាយ ត្រូវបានគណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ប្រជុំពិភាក្សា អញ្ជើញឲ្យលោកធ្វើជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់អាណត្តិទី៥ ជំនួសឯកឧត្តម ម៉ៅ ធនិន ដែលត្រូវទទួលបានភារកិច្ចថ្មី នៅឯខេត្តកំពតវិញ។

កិច្ចប្រជុំនេះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ នៅស្នាក់ការសាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីឯកឧត្តម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខាជាច្រើនរូប។

ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានលើកឡើងថា ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គណៈកម្មាធិការសាខា ក៏បានបើកកិច្ចប្រជុំផ្ទៃក្នុងមួយ ក្នុងគោលបំណងពិគ្រោះយោបល់អញ្ជើញឯកឧត្តម ជាវ តាយ ដើម្បីឱ្យឡើងកាន់តំណែងថ្មី ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសម្រាប់អាណត្តិទី៥ និងបន្តនិរន្តភាពប្រតិបត្តិការរបស់សាខា ឱ្យទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមបានជម្រាបជូនថា ថវិកាដែលកន្លងមក គឺបានមកពីការគាំទ្ររបស់ឯកឧត្តម កែវ រតនៈ ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលថវិកាបានតិចតួចប៉ុណ្ណោះ ដែលអាចវាយតម្លៃលើសមត្ថភាព លទ្ធភាពរបស់ឯកឧត្តម និងលោកជំទាវ ធ្វើជាប្រធានកិត្តិយស។

ចំពោះឯកឧត្តម ជាវ តាយ សំណើតែងតាំងជាប្រធានគណៈកម្មាធិការសាខា សម្រាប់អាណត្តិទី៥ និងលោកជំទាវ លាង ហៃ ជាវតាយ ជាអនុប្រធានកិត្តិយស និងជាប្រធានឥស្សរជនឆ្នើមថ្នាក់ជាតិ សម្រាប់សាខា គឺព្រោះថាឯកឧត្តម និងលោកជំទាវ មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ និងសម្របសម្រួសការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា ឱ្យកាន់តែមានទំនុកចិត្ត ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លើវិស័យការងារមនុស្សធម៌ នៅក្នុងខេត្ត និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ បានក្រើនរំលឹកដល់ក្រុមមន្ត្រីប្រតិបត្តិសាខា សូមពិនិត្យតាមដាននូវរាល់សកម្មភាព ពិសេស ការងារហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ត្រឹមត្រូវ ប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព។

នៅក្នុងថ្ងៃដដែលនោះ ប្រតិភូគណៈកម្មាធិការ និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ ឯកឧត្តម ខូយ រីដា បានអញ្ជើញទៅធ្វើគារវកិច្ចស្វាគមន៍ ជូនចំពោះឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ថ្មី នៅសាលប្រជុំ Video Conference ក្នុងសាលាខេត្តផងដែរ៕