អភិបាលខេត្តរតនគីរី សន្យារៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបានលុង ឱ្យមានសភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ


(រតនគិរី)៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសន្យានឹងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបានលុង ដូចជាគំនូសផ្លូវ ប្រព័ន្ធអំពូលភ្លើងឱ្យភ្លឺ, ដាក់បង់សម្រាប់អង្គុយលេងងាយស្រួលប្រជាពលរដ្ឋ ធ្វើដំណើរ និងគយគន់មើលទេសភាពក្នុងក្រុងបានលុង ពេលរាត្រី ដែលបង្កឱ្យមានភាពទាក់ទាញសាកសមជាខេត្តសម្បូរដោយសម្រស់ធម្មជាតិ នាភូមិភាគឦសាន ប្រទេស ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនឡើងបន្ថែមទៀត។

ការសន្យាបែបនេះ របស់ឯកឧត្តមអភិបាលខេត្តថ្មីរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការជុំវិញខេត្ត អាជ្ញាធរក្រុងបានលុង និងសមត្ថកិច្ចសង្កាត់ទាំង៤ បានចុះសំអាត អនាម័យក្នុងក្រុងបានលុង។

ប៉ុន្តែទោះជាយ៉ាងណា ឯកឧត្តម ញ៉ែម សំអឿន បានអំពាវនាវសូមឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, មន្ទីរអង្គភាពជុំវិញខេត្ត, អាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមចូលរួមជាមួយលោកទាំងអស់គ្នា ទើបការងារទទួលបានជោគជ័យ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្ត ពីព្រោះថារាជរដ្ឋាភិបាលបើកសេដ្ឋកិច្ចឡើងវិញ ក្នុងពេលខាងមុខនេះ ដោយសារភាពឆ្លាតវៃរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាក់សាំងជូនប្រជាពលរដ្ឋស្ទើរ១០០% ទូទាំងប្រទេស។

ក្នុងយុទ្ធនាការសំអាត អនាម័យនាព្រឹកថ្ងៃនេះដែរ ឯកឧត្តម ញ៉ែម សំអឿន បានប្តេជ្ញាចិត្តថា ក្នុងអណត្តិលោកជាអភិបាលខេត្តរតនគិរី លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តដើម្បីកែសោភ័ណភាព អនាម័យបរិស្ថានក្នុងក្រុងបានលុង និងបន្តទៅធ្វើយុទ្ធនាការសំអាតអនាម័យតាមបណ្តាស្រុកផ្សេងទៀតទូទាំងខេត្ត ដើម្បីប្រកួតប្រជែងជាមួយបណ្តាខេត្តផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម ញ៉ែម សំអឿន បានណែនាំ និងជំរុញឱ្យប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្តត្រូវតែអនាម័យឱ្យបានស្អាតជានិច្ចជាគំរូដល់ប្រជាពលរដ្ឋហើយត្រូវប្រកួតប្រជែងគ្នាយកចំណាត់ថ្នាក់ថែមទៀតផង។

ឯកឧត្តមអភិបាលខេត្តដែលទើបឡើងកាន់តំណែងថ្មីទទួលបានសមានចិត្តពីមន្ត្រីរាជការ កម្លាំងប្រដាប់ និងប្រជាពលរដ្ឋបានកំណត់យកល្ងាចថ្ងៃសុក្រចុងសប្តាហ៍ជាទិវាសំអាត អនាម័យក្នុងក្រុងបានលុង និងបន្តទៅបណ្តាស្រុកផ្សេងៗទូទាំងខេត្ត។

សូមបញ្ជាក់ថា យុទ្ធនាការសំអាតអនាម័យនេះ ចាប់ផ្តើមពីរង្វង់មូលនាគក្រុងបានលុង ដោយបែងចែកជា៤គោលដៅគឺ៖

*គោលដៅទី១៖ ដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តចាប់ពីរង្វង់មូលនាគទៅជុំវិញផ្សារបានលុង មានកម្លាំងអាវុធហត្ថខេត្ត, មន្ទីរបរិស្ថាន មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ មន្ទីរព័ត៌មាន មន្ទីរដែនដី មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម, ស.ស.យ.ក, ស.យ.ស.ស, កាកបាទក្រហមខេត្ត

សាលាក្រុងបានលុង និងសង្កាត់ឡាបានសៀក។

*គោលដៅទី២៖ ពីរង្វង់មូលនាគទៅរង្វង់មូលយក្សឡោម ដឹកនាំដោយឯកឧត្តម យឹម ផែន អភិបាលរងខេត្ត មានកម្លាំងស្នងការនគរបាលខេត្ត, មន្ទីរឧស្សាហកម្ម, មន្ទីរប្រៃសណីយ៍ មន្ទីរសេដ្ឋកិច្ច, ធនាគារជាតិ រតនាគារ សុខាភិបាល មន្ទីររ៉ែ និងថាមពល សាខាការពារអ្នកប្រើប្រាស់ និងសង្កាត់យក្សឡោម។

*គោលដៅទី៣៖ ដឹកនាំដោយឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត ចាប់ពីរង្វង់នាគទៅសង្កាត់កាចាញ មានកម្លាំងតំបន់ប្រតិបត្តការសឹករងខេត្ត, មន្ទីរអប់រំ, មន្ទីរសង្គមកិច្ច, មន្ទីរកិច្ចការនារី, មន្ទីរការងារ,ប.ស.ស, មន្ទីរធនធានទឹក, មន្ទីរធម្មការ, មន្ទីរផែនការ, មន្ទីរមុខងារ និងសង្កាត់កាចាញ។

និងគោលដៅទៅ៤៖ ដឹកនាំដោយលោកជំទាវ ញាណ ទិត្យចិន្តា អភិបាលរងខេត្ត ចាប់ពីរង្វង់មូលនាគ ទៅមាត់បឹងកន្សែង មានសាលាខេត្ត, សាខាពន្ធដារ, មន្ទីរវប្បធម៌, សាខាគយខេត្ត, មន្ទីរសាធារណការ, មន្ទីរទំនាក់ទំនង និងសង្កាត់បឹងកន្សែង៕