រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាត្រៀមខ្លួនចូលរួមជាមួយដៃគូអភិវឌ្ឍន៍ សិក្សាស្រាវជ្រាវលើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក


(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និងរុស្ស៉ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពលដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក។

ការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ម្សិលមិញនាទីស្ដីការក្រសួងបរិស្ថាន ក្នុងឱកាសដែលលោកបានទទួលជួប លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីជំហរ និងការចូលរួមរបស់កម្ពុជាក្នុងសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៦ (COP26) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងក្លាសហ្កូ ចក្រភពអង់គ្លេស។ បើតាមការបង្ហោះលើ Facebook ផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ។

ក្នុងជំនួបនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងយ៉ាងដូច្នេះថា៖ «បន្ថែមលើការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ការស្វែងរកប្រភពថាមពលកកើតឡើងវិញ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ហើយកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសចក្រភពអង់គ្លេស អូស្ត្រាលី និង រុស្ស៉ី ក្នុងការសិក្សាស្រាវជ្រាវលើប្រភពថាមពល ដែលមានសុវត្ថិភាព និរន្តរភាព និងតម្លៃថោក»

លោកជំទាវឯកអគ្គរាជទូតចក្រភពអង់គ្លេស បានចូលរួមអបអរសាទរខួបលើកទី៣០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ដែលជាមូលដ្ឋានដ៏សំខាន់នៃសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។ ចំពោះកិច្ចការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ កម្ពុជាមានការប្ដេជ្ញាខ្ពស់ក្នុងការចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាសកលនេះ៕