ឯកឧត្តមវេជ្ជ សុះ មុះសិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជា អណ្តូងស្នប់ម៉ូទ័រ និងបំពាក់អំពូលសូឡាតាមដងផ្លូវសាធារណៈ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម


ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជា អណ្តូងស្នប់ម៉ូទ័រ និងបំពាក់អំពូលសូឡាតាមដងផ្លូវសាធារណៈ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការចូលរួមពី លោកជំទាវ ខុង ស៊ុនអេង និងលោកជំទាវ គឹម ឆយ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និង ឯកឧត្តម ហាន កុសល អភិបាលរង តំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ទីប្រឹក្សារាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ចាម ។
សច្ចភាពប្រវត្តិសាស្រ្តនៃប្រទេសយើង ដែលបានឆ្លងកាត់ភ្លើងសង្រ្គាម និងបង្កវិនាសកម្មឥតគណនាដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។ ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នានៅទីនេះ ពិតជានៅចងចាំ និងធ្លាប់បានឮពីរបបប៉ុល ពត ដែលបានបំផ្លិចបំផ្លាញអាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធជាតិស្ទើរទាំងស្រុង។ ប្រជាជនស្លូតត្រង់យើងជិត ៣លាននាក់ បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងអយុត្តិធម៌ជាទីបំផុត។ ចំណែកបងប្អូនសាសនិកឥស្លាមក៏បានរងគ្រោះ យ៉ាង អយុត្តិធម៌រកទីបំផុតគ្មានក្នុងរបបនេះ ពួកឃាតកបានធ្វើទារុណកម្មយ៉ាងឃោឃៅព្រៃផ្សៃ ឈឺចាប់ខ្លោចផ្សាឥតគណនា ទាំងការបំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាងចំពោះបងប្អូនសាសនិកឥស្លាម ត្រូវបាន បង្ខិតបង្ខំ ធ្វើការបំបាក់កំលាំង ពុំមានអាហារគ្រប់គ្រាន់ ហើយបង្ខំឲ្យទទួលទាន សាច់ ជ្រូក មិនឲ្យថ្វាយបង្គំព្រះប្រចាំថ្ងៃ មិនឲ្យបួសក្នុងខែរ៉ម៉ាទន មិនឲ្យសូត្រគម្ពីរអាល់គួរអាន។ល។ សៀវភៅធម៌ រួមនឹង សាសា រៀនឥស្លាម ម៉ាស្ជិទឥស្លាម ស៊ូរ៉ាវ ត្រូវបានបំផ្លិចបំផ្លាញ និងយក ធ្វើជាឃ្លាំងស្តុកឥវ៉ាន់ និងជាកន្លែង ចិញ្ចឹម សត្វពាហនៈជាដើម ។ ប៉ុន្តែរបបតិរច្ឆាននេះ មិនអាចឈរជើងបានយូរអង្វែងឡើយ ចលនារំដោះជាតិ ក្រោមការដឹកនាំរបស់ សម្តេចទាំងបី គឺ សម្តេចធម្មពោធិសាល ជា ស៊ីម សម្តេចពញាចក្រី ហេង សំរិន និង សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជនស្នេហាជាតិដទៃទៀតបានក្រោកឈរឡើងតស៊ូ បូជាឈាមស្រស់ សាច់ស្រស់ ដើម្បីរំដោះប្រទេស ជាតិឲ្យរួចផុត ពីរបបខ្មៅងងឹតនេះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ៤២ឆ្នាំក្រោយ គឺ បន្ទាប់ពីថ្ងៃ ៧ មករា ១៩៧៩ កម្ពុជាបានប្រែក្លាយពីប្រទេសដែលសេសសល់ពីគំនរផេះផង់នៃសង្រ្គាមស៊ីវិល មកជាប្រទេសមួយមានការអភិវឌ្ឍជាលំដាប់ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី និងឯកភាពជាតិតែមួយ។
ក្នុងបរិបទនៃជំងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មី ជំងឺកូវីដ-១៩ ដែលរាតត្បាតពាសពេញសកលលោក រួមទាំងកម្ពុជាផងនោះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក «ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។ តាមរយៈការខិតខំនេះ ព្រះរាជាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកថាជាប្រទេសដែលមានអត្រាខ្ពស់ជាងគេមួយ នៃកុមារ និងប្រជាជនពេញវ័យដែលបានចាក់វ៉ាកសំាងការពារជម្ងឺកូវីដ-១៩ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច។ ក្នុងពេលនេះផងដែរ កម្ពុជា បានឈានទៅមុខមួយជំហានទៀត គឺការចាក់វ៉ាក់សាំងសម្រាប់កុមារ ចាប់ពីអាយុ០៦ ដល់ ១២ឆ្នាំ ហើយក៏បានសបញ្ជាក់ពីការឲ្យតម្លៃ និងការយកចិត្តទុកដាក់ទៅលើយុវជនដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងរបស់សង្គមជាតិ នាពេលអនាគត ។
ឯកឧត្តម បានបញ្ជាក់ថា សម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា មានភ័ព្វសំណាងខ្ពស់ ដោយបានរួមរស់ជាមួយប្រជាពលរដ្ឋខ្មែរយ៉ាងសុខដុមរមនា មានសិទ្ធិ និងកាតព្វកិច្ចដូចគ្នាចំពោះមុខច្បាប់ គ្មានការរើសអើង ពិសេសមានសិទ្ធិសេរីភាពក្នុងការជ្រើសរើសខាងជំនឿសាសនាដែលខ្លួនពេញចិត្ត។ ខុសពីវាសនាជនមុស្លិមនៅបណ្តាប្រទេសជិតខាងមួយចំនួន និងពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជាតែងបានយកចិត្តទុកដាក់ និងលើកតម្កើងសិទិ្ធសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ចំពោះសហគមន៍ឥស្លាមនៅកម្ពុជាត្រូវបានយកចិត្តទុកខ្ពស់ និងផ្តល់សិទ្ធិលើការគោរពជំនឿសាសនា ដោយរាជរដ្ឋាភិបាលបានផ្តល់នូវសមិទ្ធផលធំៗជាច្រើន។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា សមិទ្ធផលនេះ ទទួលបានពីសប្បុរជននៅប្រទេសម៉ាឡេសុី សិង្ហបុរី និងអារ៉ាប់រួមអេមីរ៉ាត តាមរយៈសមាគមអាល់រ៉ហុីមមូស្លីមកម្ពុជា ក្នុងនោះមាន អណ្ដូងស្នប់ប្រភេទម៉ូទ័រ ចំនួន ២៩០គ្រឿង និងផ្ទាំងសូឡា ៣១២គ្រឿង សរុបទឹកប្រាក់ ១០៧ ៣០០ដុល្លាសហរដ្ឋអាមេរិក។