មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បញ្ជាក់ថាការអនុវត្តច្បាប់របស់កម្ពុជា មិនមែនជាការរំលោភសិទ្ធិមនុស្ស តែជាការពង្រឹងនីតិរដ្ឋ នៃសង្គមប្រជាធិបតេយ្យ


ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឆ្លើយតបទៅនឹងការលើកឡើងរបស់ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការអនុវត្តច្បាប់របស់កម្ពុជា ដោយលើកឡើងថា ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ ទៅវិញទេ។

ឯកឧត្តម បានបញ្ជាក់ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងការសរសេរនៅលើបណ្តាញសង្គមធ្វីតធើ (Twitter) របស់ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដោយ ឯកឧត្តម ជិន ម៉ាលីន បានពន្យល់បន្ថែមថា ៖ “ផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់ព្រះរាជាណាចក្រកម្ពុជា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ ចំណែកឯការផ្តន្ទាទោស ត្រូវទទួលបាននូវការអនុគ្រោះមួយចំនួនតាមផ្លូវច្បាប់ ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាលនៃអតិបរិមានៃទោសចំពោះបទល្មើសដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។

ឯកឧត្តម ជិន ម៉ាលីន បានបន្ថែមថា ប៉ុន្តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហឹង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរ និងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ និងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។

សូមរម្លឹកថា កាលពីថ្ងៃម្សិលមិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានសរសេរថា ៖ “ខ្ញុំមានការក្រៀមក្រំ ដែលតុលាការកម្ពុជា សម្រេចកាត់ទោសអនីតិជនម្នាក់ ដាក់ពន្ធនាគារ ដែលត្រូវបានគិតថាជារឿងនយោបាយ។ តើការដាក់ពន្ធនាគារ នៃកូនរបស់មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញពីការគោរពសិទ្ធិមនុស្សឬទេ?”។

សូមរម្លឹកផងដែរថា សកម្មជនក្រុមអតីតគណបក្សសង្រ្គោះជាតិម្នាក់ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ មានអាយុ ១៦ឆ្នាំ ត្រូវបានសមត្ថកិច្ចបានចាប់ខ្លួនកាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រោយធ្វើសកម្មភាពញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបានជេរប្រមាថ ដល់ប្រមុខថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជជែកគ្នាក្នុង Group នៃបណ្ដាញសង្គម Telegram៕