រដ្ឋមន្ត្រីសុខាភិបាល និងអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ១៩


(ព្រះសីហនុ)៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមការងារក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្ត ដោយបានពិនិត្យម៉ាស៊ីនផលិតអុកស៊ីហ្សែន សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ ជាពិសេសសម្រាប់អ្នកជំងឺកូវីដ-១៩ និងការដ្ឋានសាងសង់អគារព្យាបាលអ្នកជំងឺកូវីដ-១៩ កំពុងដំណើរការសាងសង់ ដែលមានសមត្ថភាពអាចដាក់អ្នកជំងឺបានប្រមាណ២៣០គ្រែ។

ក្នុងនោះម៉ាស៊ីនផលិតអុកស៊ីហ្សែន គឺមានសមត្ថភាពផលិតអុកស៊ីហ្សែនបាន ៣០ម៉ែត្រគូបក្នុងមួយម៉ោង។ ដោយឡែកសំណង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទំហំទទឹងប្រវែង៣៣ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញពិនិត្យទីតាំងសម្រាប់សាងសង់អគារថ្មីរបស់មន្ទីរពេទ្យ ដែលបានធ្វើការសិក្សាររួចហើយ ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។

ឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង ក៏បានពាំនាំនូវការកោតសរសើរពីសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ជូនដល់មន្រ្តីសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕